(បាងកក)៖ ប្រទេសថៃគួរតែមើលឃើញឱកាសកាន់តែច្រើនក្នុងការនាំចេញអង្ករក្នុងឆមាសទីពីរឆ្នាំនេះ ខណៈដែលប្រទេសនាំចូលកំពុងប្រញាប់ប្រញាល់ទិញអង្ករស្តុកទុក ដោយសារបារម្ភពីគ្រោះ រាំងស្ងួត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់ កាសែតបាងកកប៉ុស្តិ៍ថា វាលឿនពេកក្នុងការកំណត់ថាតើបាតុភូតអែលនីណូ (El Niño) ដែលជា បាតុភូតគ្រោះរាំងស្ងួតនឹងប៉ះពាល់ដល់ផលិតកម្មស្រូវរបស់ប្រទេសថៃឬយ៉ាងណាដោយសារវាអាស្រ័យលើកម្រិតទឹកភ្លៀងចាប់ពីខែកក្កដាដល់ខែកញ្ញា។
លោក Chookiat មានប្រសាសន៍ថា៖ «គ្រប់គ្នាមានការព្រួយបារម្ភ ដោយសារនាយកដ្ឋានឧតុនិយម បានព្យាករថា ទឹកភ្លៀងនៅឆ្នាំនេះនឹងទាបជាងកម្រិតមធ្យមពី ៥-៦% ដែលអាចប៉ះពាល់ដល់ផលិត កម្មស្រូវ»។ លោកបន្តថា តំបន់ដែលធ្វើស្រែបានច្រើនជាងគេសម្រាប់រដូវចម្បងប្រចាំឆ្នាំ គឺភូមិភាគ ឦសាន ដែលពឹងផ្អែកលើទឹកភ្លៀងសម្រាប់ការដាំដុះ។
ក្នុងកាលៈទេសៈធម្មតា ទិន្នផលស្រូវចម្បងប្រចាំឆ្នាំមានចំនួន ២៤លានតោន ក្នុងនោះ ៨ លាន តោនត្រូវបានផលិតក្នុងអំឡុងផលិតកម្មខុសរដូវ។ លោក Chookiat បានបន្ថែមថា ផលិតកម្ម ខុសរដូវគួរតែល្អ ព្រោះមានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រព័ន្ធធារាសាស្រ្តក្នុងអំឡុងពេលនេះ។
លោកបានបន្តថា៖ «ការព្រួយបារម្ភពីគ្រោះរាំងស្ងួតនេះបានរីករាលដាលពាសពេញតំបន់អាស៊ី ដែល ប៉ះពាល់ដល់ប្រទេសផលិតនិងនាំចេញអង្ករធំៗដូចជា វៀតណាម ឥណ្ឌា និងចិន»។ លោកបន្ថែមថា៖ «ប្រទេសនាំចូលកំពុងបង្កើនការទិញអង្ករយ៉ាងខ្លាំងដោយសារការព្រួយបារម្ភនេះ។ ហ្វីលីពីន ឥណ្ឌូនេស៊ី និងចិនបានដាក់ការបញ្ជាទិញអង្ករច្រើន ដោយហ្វីលីពីន និងចិនបានទិញក្នុង បរិមាណច្រើនពីវៀតណាម»។
ការនាំចេញអង្កររបស់វៀតណាមមានចំនួនសរុប ៤លានតោនក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ ខណៈដែលប្រទេសថៃបាននាំចេញចំនួន ៣,៤លានតោនក្នុងអំឡុងពេលដូចគ្នានេះ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Chookiat បានថ្លែងថា ប្រទេសវៀតណាមអាចមានសក្តា នុពលនាំចេញអង្ករចំនួន ៧,៥លានតោននៅឆ្នាំនេះ ប៉ុន្តែអាចនឹងជួបប្រទះនឹងការខ្វះខាតនៅក្នុង ឆមាសទីពីរ។
កត្តានេះអាចបង្ហាញពីឱកាសមួយសម្រាប់ប្រទេសថៃក្នុងការបង្កើនការនាំចេញរបស់ខ្លួនដល់ជាង ៨លានតោននៅឆ្នាំនេះ ដែលលើសពីគោលដៅរបស់ខ្លួនដែលមានចំនួន ៧,៥លានតោន។
តម្លៃអង្ករប្រភេទបាក់ ៥% របស់វៀតណាមមានតម្លៃ ៥០០ដុល្លារក្នុងមួយតោន ខណៈអង្ករថៃមាន តម្លៃ ៤៩៥ ដុល្លារក្នុងមួយតោន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕