(ម៉ានីល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា មនុស្សរាប់ពាន់នាក់ ដែលរស់នៅក្បែរតំបន់ភ្នំភ្លើងមួយក្នុងប្រទេសហ្វីលីពីន ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្ន នៅចំពោះមុខ ការព្រមានដោយអាជ្ញាធរ ពី ផលប៉ះពាល់ដល់សុខភាពអាចបង្កឡើងដោយផេះ និងឧស្ម័នពុលចេញពីភ្នំភ្លើង។ ក្រុមអ្នកជំនាញភ្នំភ្លើង និងរញ្ជួយដីរបស់ហ្វីលីពីន នៅថ្ងៃអាទិត្យនេះបាននិយាយថាមានគ្រោះរញ្ជួយ ដីមួយកើតចេញពីបន្ទុះភ្នំភ្លើង ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ហើយមានដុំថ្មជាច្រើនបាន ធ្លាក់ពីភ្នំភ្លើង Mayon នៃខេត្ត Albay ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន។ ដោយឡែក បើតាម អាជា្ញធរហ្វីលីពីន មនុស្សប្រហែល ១២,៨០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
គួរបញ្ជាក់ថា ភ្នំភ្លើង Mayon ស្ថិតនៅចម្ងាយ ៣៣០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីម៉ានីល ហើយ វាគឺជាភ្នំភ្លើងសកម្មមួយ នៅក្នុងចំណោមភ្នំភ្លើងសកម្មទាំង ២៤ ក្នុងប្រទេសហ្វីលីពីន៕