(កៀវ)៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg អោយដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចដែលបង្ក ឡើងដោយសង្រ្គាមរបស់អ៊ុយក្រែនមានកម្រិតតិចតួចបំផុតគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដោយសកម្មភាពអាជីវកម្មបានស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុក ទោះបីជាមានការទម្លាក់ គ្រាប់បែកដោយមីស៊ីលមិនឈប់ឈរទៅលើបណ្តាញថាមពល និងវិស័យឧស្សាហកម្មរបស់ប្រទេស នេះក្តី។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិអ៊ុយ ក្រែនដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចអ៊ុយក្រែនបានធ្លាក់ចុះ ១០,៥% នៅក្នុង ត្រីមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺតិចជាងការព្យាករដែលថា ធ្លាក់ចុះ ១៣,៧% នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។ បើធៀបនឹងអត្រាប្រចាំត្រីមាសវិញ សេដ្ឋកិច្ចអ៊ុយក្រែននៅត្រីមាសទី១នេះ បានកើនឡើង ២,៤%។
លោកស្រី Olena Bilan ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនឈ្មួញជើងសារកណ្តាល Dragon Capital ដែលមានមូលដ្ឋាននៅទីក្រុងកៀវបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg តាមទូរស័ព្ទថា សកម្ម ភាពអាជីវកម្មបានបន្តកើនឡើងក្នុងខែមេសា និងឧសភា ប៉ុន្តែការបំផ្លិចបំផ្លាញនៅសប្តាហ៍នេះ ទៅលើទំនប់ទឹក Kakhovka ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែនអាចបំផ្លាញការស្ទុះងើបឡើងវិញនេះ។
លោកស្រីមានប្រសាសន៍ថា៖«ភាគច្រើននឹងអាស្រ័យលើថាតើបញ្ហាទឹកសម្រាប់ក្រុមហ៊ុនធំៗនឹងត្រូវបានដោះស្រាយបានលឿនប៉ុណ្ណា»។
ប្រទេសអ៊ុយក្រែនបានស្តីបន្ទោសរុស្ស៊ីចំពោះការបំផ្ទុះដែលបានបំផ្លាញទំនប់វារីអគ្គិសនី និងបង្កឱ្យ មានការជន់លិចប្រកបដោយមហន្តរាយ តែទីក្រុងមូស្គូដែលកងទ័ពរបស់ពួកគេគ្រប់គ្រងស្ថានីយ៍ វារីអគ្គិសនីនោះ បានបដិសេធការចោទប្រកាន់របស់អ៊ុយក្រែន៕