ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅបញ្ជាការដ្ឋានកងពល តូចលេខ៧០


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី​១២ ខែ មិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ​ផ្កាយ​មាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅ​ទីបញ្ជាការដ្ឋានកងពលតូច លេខ៧០។

យោងតាមរបាយការណ៍បញ្ជាការដ្ឋានកងពលតូចលេខ៧០ បានឱ្យដឹងថា សមិទ្ធ​ដែល​ជា​ចំណង ដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ កងពលតូចលេខ៧០ រួមមាន៖

១៖ អគារន្ទីរពេទ្យ «មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោម​ចៅ» មានទំហំ ១៥.១០ម៉ែត្រ គុណ ៤៣.៨០ម៉ែត្រ។ មានជម្រៅ ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់ ០៤ជាន់ ដែលតាមជាន់នីមួយៗមានដូចខាងក្រោម៖
– ជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។
– ជាន់ទី១៖ មានបន្ទប់សម្រាកព្យាបាលចំនួន ១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារៈពេទ្យនិងឪសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់
⁃ ជាន់ទី២៖ មានបន្ទប់សំរាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន ០១បន្ទប់ សរុប១០បន្ទប់
⁃ ជាន់ទី៣៖ មានបន្ទប់សម្រាកព្យាបាលជំងឺចំនួន ០៦បន្ទប់ ក្នុងនោះបន្ទប់ VVIP ចំនួន ០១បន្ទប់ និងបន្ទប់ VIP ចំនួន ០៥បន្ទប់

២៖ អគារស្នាក់នៅទ័ពពិសេស សាលប្រជុំ ចំណតរថក្រោះ ចំណតឡាន មានទំហំ ១៩ម៉ែត្រ x ៧១.៥០ម៉ែត្រ កម្ពស់ ៤ជាន់។ ជាន់ផ្ទាល់ដីជាចំណតរថក្រោះ, ជាន់ទី១ ជាចំណតរថយន្ត, ជាន់ទី២ ជាបន្ទប់ស្នាក់នៅសម្រាប់កងទ័ពពិសេស, ជាន់ទី៣ ជាសាលប្រជុំធំ ដែលមានបំពាក់ផ្ទាំង LED និងប្រព័ន្ធសម្លេងទំនើប។

៣៖ អគារប្រពៃណីកងពលតូចលេខ៧០ មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ មាន ១ជាន់ផ្ទាល់ដី ដែលមានតាំងបង្ហាញប្រវត្តិ និងស្នាដៃរួមរបស់កងពលតូចលេខ៧០។

៤៖ អគារស្នាក់នៅទ័ពនារី មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនិង​ចំនួន ២០បន្ទប់។

សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយ​មក​កែ​សម្រួល​​ទៅ​ជាវរ​សេនាធំលេខ៧០ ដែលមានភារកិច្ចការពារថ្នាក់ដឹកនាំជាន់​ខ្ពស់​ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការ​ពារ​ជាតិ។ កងពលតូច​លេខ៧០ ក៏ជា​តម្រួត​យោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យ​សណ្តាប់ធ្នាប់របស់​យោធិន និងសហការ ជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុង ភ្នំពេញ។ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែ​សម្រួល​ជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាម​អនុក្រិត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកក្រោម​ចំណុះ​ផ្ទាល់ បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ក.រ/៩១៨ ចុះថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែ​ទម្រង់​កង​យោធពលខេមរភូមិន្ទ ហើយបានកែ សម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ៕