(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន បាននិយាយ និងជួបមុខគ្នាបានបន្តិច នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអំពាវនាវឱ្យមហាអំណាចទាំង២ បើកឡើងវិញនូវបណ្ដាញទំនាក់ទំនងគួរឱ្យទុកចិត្ត និងបើកចំហ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។
មន្ទីរបញ្ចកោណ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បានជួបសន្ទនាគ្នាមួយស្របក់ នៅឯវេទិកាសន្តិសុខ Shangri-La ក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីទីក្រុងប៉េកាំងបដិសេធការអញ្ជើញសម្រាប់ជំនួប ផ្លូវការមួយរវាងប្រមុខការពារជាតិនៃប្រទេសទាំង២។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ត្រី Pat Ryder បានបញ្ជាក់ទៀតថាលោក អូស្ទីន និងលោក លី បានសន្ទនាគ្នាបានមួយស្របក់ កាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ នៅឯពិធីទទួលទាហានពេលល្ងាច ដោយប្រមុខការពារជាតិទាំង២ ក៏បានចាប់ដៃ គ្នាផងដែរ។ ប៉ុន្តែ មិនបានជជែកពីការងារអ្វីគួរឱ្យកត់សម្គាល់នោះទេ។ អ្នកនាំពាក្យរូបនេះបន្ថែមថាមន្ទីរបញ្ចកោណមានការជឿជាក់ចំពោះការបើក បណ្ដាញទំនាក់ទំនងឡើងវិញ ហើយនឹងបន្តស្វែងរកកិច្ចពិភាក្សាយោធា និងយោធាដ៏មានអត្ថន័យ នៅគ្រប់កម្រិត ដើម្បីរក្សាទំនាក់ទំនង។