សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបន្ដអនុវត្តនូវបទបញ្ជារបស់សម្ដេច ចំពោះអ្នកដែលហ៊ានធ្វើបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយម

(កណ្ដាល)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអនុវត្តតាមបទបញ្ជារបស់សម្ដេចដែលបានចេញកាលពីពេលកន្លងទៅ ចំពោះក្រុមបុគ្គលទាំងឡាយណាដែលហ៊ានបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច។

ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រុមជ្រុលនិយមនោះ កុំបង្កើតចលាចលដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ ក្នុងចេតនាបំផ្លាញសន្ដិភាពដែលកម្ពុជាកំពុងមាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូម្បីតែអ្នកដែលចង់ធ្វើបាតុកម្មប៉ុន្មានថ្ងៃនេះ ម្ដងហើយម្ដងទៀត ខ្ញុំនៅតែបញ្ជាក់ថា ប្រសិនបើអ្នកឯងនៅហ៊ានធ្វើបទបញ្ជាខ្ញុំត្រូវតែអនុវត្ត កុំបង្កើតចលាចល. អញ្ចឹងទេយើងត្រូវរួមគ្នាការពាររក្សាសន្ដិភាពនេះ ឲ្យខាងតែបាន»

​បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលមានសមត្ថភាពរកសន្ដិភាពបានហើយ ការពារសន្ដិភាពបានទៀត គ្រាដែលគណបក្សដទៃមិនទាន់មានសមត្ថភាពបែបនេះឡើយ។

សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសម្ដងរួចហើយថា អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងត្រូវ «ស្វាគមន៍ដោយគុក» ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យពួកគេបំផ្លាញសន្តិសុខ និងស្ថេរភាពជាតិនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមកុំរញ៉េរញ៉ៃជាមួយបាតុកម្មស្អីៗកុំរញ៉េរញ៉ៃ ខ្ញុំបានផ្តល់សារហើយ សារខ្ញុំនៅតែមានតម្លៃ សូមបញ្ជាក់ ខ្ញុំមិនចាំបាច់ចេញសារទី២ទេ សារទី១ នៅតែមានតម្លៃ ហើយចាប់យកទាំងអស់ នរណាក៏ដោយដែលមកបំផ្លាញស្ថិរភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់យកទាំងអស់អត់មានទុកទេ។ រឿងរបស់លោកឯង លោកឯងមកបំផ្លាញសន្តិសុខជាតិយ៉ាងម៉េច ហើយគេកំពុងធ្វើស៊ីហ្គេមទៀត ហើយថាបើមហាផ្ទៃមិនឲ្យធ្វើគឺនៅតែធ្វើ ខ្ញុំគ្រាន់តែបញ្ជាក់ថា គុកនឹងស្វាគមន៍»

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សភ្លើងទៀនគ្រោងប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីតស៊ូមតិទាមទារឱ្យគ.ជ.ប អនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដាខាងមុខនេះឡើងវិញ។ ការព្រមានធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតាមគ.ជ.ប ដោយបដិសេធចំពោះបណ្តឹងគណបក្សភ្លើងទៀន។

សម្តេចតេជោ ហ៊ុ​ន សែន បានណែនាំទៅសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន កុំជឿតាមការញុះញង់រហូតដល់ជាប់ពន្ធនាគារជំនួសគេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើសិនជាមេដឹកនាំក្រុមប្រឆាំងចង់សាកល្បង សូមចេញមកធ្វើបាតុកម្មចុះ សម្តេចនឹងបញ្ជាឲ្យវាយខ្នោះភ្លាមៗ ហើយបញ្ជូនទៅឲ្យជាប់ពន្ធនាគារនៅឆ្ងាយពីរាជធានីភ្នំពេញ៕