(ភ្នំពេញ)៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខជូន ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ចំពោះមរណភាពព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៉ី ជាឪពុកបង្កើតរបស់ឯកឧត្តម ចាយ បូរិន។
ក្នុងសារលិខិត បានសរសេរថា យើងខ្ញុំ មានសេចក្តីក្រៀមក្រំ និងសោកស្តាយក្រោយទទួលដំណឹងថា ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងសូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិត របស់ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវ័ន្ដ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕