សម្តេចតេជោ ហ៊ុន សែន មិនចង់ឱ្យពលរដ្ឋចំណាយលុយពេលឆ្លងស្ពាននោះទេ ទើបសម្តេចទិញយកស្ពានព្រែកព្នៅ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយពេលឆ្លងស្ពាននោះទេ។ អាស្រ័យហេតុនេះហើយ ទើបសម្តេចទិញយកស្ពានព្រែកព្នៅ។

សម្តេចតេជោថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋឆ្លងស្ពានពេលណា ត្រូវបង់លុយពេលនោះទេ ដូច្នេះបានជាយើងទិញយកស្ពានព្រែកភ្នៅ កន្លងមក ដើម្បីឲ្យរដ្ឋគ្រប់គ្រង ហើយប្រជាជនចង់ឆ្លងប៉ុន្មានដង ក៏ឆ្លងទៅ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា អ្វីក៏ដោយសុទ្ធតែរស់នៅក្រោមសន្តិភាព។ កាលពីជាង ៣០ឆ្នាំមុន មិនរំពឹងថា ភ្នំពេញចម្រើនលូតលាស់ដូចពេលបច្ចុប្បន្ននេះទេ។

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យអ្នកបន្តវេនវិភាជថវិកាជាតិ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការយកថវិកាជាតិទៅសាងសង់ផ្លូវ និងស្ពាន គឺជាការបែងចែកផ្លែផ្កាបានពីជាតិប្រកបដោយសមធម៌៕