កូរ៉េខាងជើង ជូនដំណឹងជប៉ុន ពីផែនការបាញ់បង្ហោះផ្កាយរណប

(តូក្យូ)៖ ឆ្មាំសមុទ្រជប៉ុន នៅថ្ងៃចន្ទនេះបានឱ្យដឹងថាកូរ៉េខាងជើង បានជូនដំណឹងដល់ទីក្រុងតូក្យូ ពីផែនការបាញ់បង្ហោះផ្កាយរណបមួយ នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

ក្រុមអ្នកវិភាគ បាននិយាយថាផ្កាយរណបយោធាដែលកូរ៉េខាងជើង គ្រោងបាញ់បង្ហោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍បច្ចេកវិទ្យាផ្កាយរណបស៊ើបការណ៍ ក្នុងនោះរួមមានទាំងយន្ដហោះដ្រូន ដើម្បីពង្រឹងសមត្ថភាពវាយប្រហារឱ្យចំគោលដៅជាក់លាក់ ក្នុងករណីមានជម្លោះផ្ទុះឡើង។ កូរ៉េខាងជើង ក៏បាន និងកំពុងធ្វើតេស្ដ ផងដែរនូវមីស៊ីលជាបន្តបន្ទាប់ និងអាវុធនុយក្លេអ៊ែរតាក់ទិក ជាពិសេសគឺបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឥន្ធនៈ​រឹង។

បើតាមទូរទស្សន៍ជប៉ុន NHK ខាងកូរ៉េខាងជើង បានជូនដំណឹងមកកាន់ឆ្មាំសមុទ្រជប៉ុនពីផែនការបាញ់បង្ហោះផ្កាយរណប ហើយការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បានជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដអាវុធរបស់ខ្លួន ហើយថាទីក្រុងតូក្យូនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។