(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃចន្ទនេះបានប្រកាសពីចេតនាចង់បាញ់កម្ទេចរាល់មីស៊ីលកូរ៉េខាងជើងទាំងឡាយណា ដែលបំពានចូលដែនអាកាសរបស់ ជប៉ុន ហើយក៏កំពុងត្រៀមលក្ខណៈធ្វើបែបនេះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងការពារជាតិជប៉ុន ធ្វើការកត់សម្គាល់ខាងលើតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់ទីក្រុងតូក្យូ ពីផែនការបាញ់បង្ហោះផ្កាយរណប។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងចាត់វិធានការបំផ្លាញប្រឆាំងនឹងមីស៊ីលបាលិស្ទីគ និងមីស៊ីលដទៃទៀត ដែលបានបំពានចូលទឹកដីរបស់យើង»។ ក្រសួងបន្ថែមទៀតថាជប៉ុននឹងប្រើប្រាស់ប្រព័ន្ធមីស៊ីល Standard Missile-3 (SM-3) ឬ ប្រព័ន្ធមីស៊ីល Patriot ដើម្បី បាញ់កម្ទេចមីស៊ីលកូរ៉េខាងជើង៕