ពលរដ្ឋកម្ពុជា-ចិន សប្បាយចិត្តពេលឃើញ «ដើមឈើមិត្តភាពកម្ពុជា-ចិន» រីកធំធាត់ និងចាក់ឫស គល់យ៉ាងជ្រៅក្នុងរយៈពេល៦៥ឆ្នាំ ដែលក្លាយជាកំណប់ទ្រព្យដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ

 (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជា និងប្រជាជនចិន សប្បាយចិត្តនៅពេលដែលបានឃើញ «ដើមឈើមិត្តភាពកម្ពុជា-ចិន» បានរីកធំធាត់ និងចាក់ឫសគល់យ៉ាងជ្រៅក្នុងរយៈពេល៦៥ឆ្នាំនេះ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញថ្លែងសន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល។ ក្នុងន័យនេះទំនាក់ទំនងមិត្តភាព កម្ពុជា-ចិនកំពុងក្លាយជាកម្លាំងចលករថ្មី ដែលជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង និងបាននាំផលប្រយោជន៍ជាក់ស្ដែងជាច្រើនជូនប្រជាជននៃប្រទេសយើងទាំងពីរ។

លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នា សុទ្ធតែសប្បាយចិត្តនៅពេលដែលបានឃើញ «ដើមឈើនៃមិត្តភាព កម្ពុជា-ចិន» រីកធំធាត់ និងចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងរយៈពេល៦៥ឆ្នាំនេះ។ សមិទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន បានផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ដែលបានចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក»។

ជាមួយគ្នានេះដែរ លោកបណ្ឌិត សុខ ទូច បានបន្ថែមថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ បើក្រឡេកទៅមើលទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាពជាលក្ខណៈប្រពៃណីរវាងកម្ពុជា-ចិន ត្រូវបានពូនជ្រំឡើងយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំងពីរ ដែលក្លាយជាកំណប់ទ្រព្យដ៏មានតម្លៃសម្រាប់ប្រជាជនប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ស៉ី ជីនពីន បានធ្វើឱ្យប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនជាលំដាប់។

លោក Chen XIaolin សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជីវជាំង បានថ្លែងថា ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ នៅក្នុងប្រទេសចិន អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានដាក់ឈ្មោះឱ្យប្រទេសកម្ពុជា «កម្ពុជា ដែកថែប» គឺមានន័យថា មិត្តភាពរវាងកម្ពុជា-ចិន រឹងមាំដូចដែកថែប។

លោកបានបន្តថា៖ «បើយើងក្រឡេកទៅមើលពីប្រវត្តិសាស្ត្រវិញ ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ដែលបានរួមគ្នាបង្កើត និងបណ្តុះយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ ទាំងនេះគឺជាកំណប់ទ្រព្យរួមគ្នារវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ សព្វថ្ងៃនេះក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជា កាន់តែបន្តឆ្ពោះទៅមុខ និងប្រកបដោយភាពរឹងមាំ»។

លោក Chen XIaolin បានបញ្ជាក់ថា ការកសាងសហគមន៍ជោគវាសនារួមគា្នចិន-កម្ពុជា ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែកដល់ការអភិវឌ្ឍសន្តិភាពក្នុងតំបន់ និងឈានទៅសកលលោកផងដែរ។

បើតាមលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជា។ រយៈពេល៦៥ឆ្នាំ នៃការពុះពារព្យុះភ្លៀងកន្លងមកទំនាក់ទំនងរវាងចិន-កម្ពុជា បានជម្នះរាល់របាំងឧបសគ្គទាំងឡាយ និងមានភាពកាន់តែរឹងមាំដូចថ្លើមថ្ម ដើមឈើនៃចំណងមិត្តភាពរវាងចិន និងកម្ពុជាបានដុះលូតលាស់បែកមែកសាខា និងបានចាក់ឫសគល់យ៉ាងជ្រាលជ្រៅនៅក្នុងក្រអៅបេះដូងប្រជាជនទាំងពីរ បានក្លាយជាទ្រព្យដ៏មានតម្លៃរួមគ្នាសម្រាប់ប្រជាជនទាំងពីរ៕