ថៅកែក្រុមហ៊ុន Wagner ថាទាហានស៊ីឈ្នួល ២០,០០០នាក់ ស្លាប់ ក្នុងសមរភូមិបាកមូត


 (មូស្គូ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner របស់រុស្ស៉ី លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បាននិយាយថា ទាហានរបស់លោកប្រហែល ២០,០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនខែ ដើម្បីគ្រប់គ្រងទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។

លោក ព្រីហ្គោហ្ស៉ីន បានឲ្យដឹងថា លោកបានជ្រើសរើសអ្នកទោសប្រហែល ៥០,០០០នាក់ ឲ្យ ចូលរួមប្រយុទ្ធជាមួយក្រុម Wagner នៅក្នុងសង្គ្រាមរបស់រុស្ស៉ីនៅ អ៊ុយក្រែន ហើយប្រហែល ២០ ភាគរយនៃពួកគេត្រូវបានសម្លាប់។ លោក ព្រីហ្គោហ្ស៉ីន ក៏បានប្រាប់អ្នកយុទ្ធសាស្ត្រនយោបាយរុស្ស៉ី លោក កូស្តង់ទីន ដូលហ្គូវ (Konstantin Dolgov) ក្នុងកិច្ចសម្ភាស៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា តួលេខនៃទាហានជាប់កិច្ចសន្យាក្នុងចំនួនស្រដៀងគ្នានេះ ក៏បានស្លាប់នៅក្នុង ការប្រយុទ្ធដើម្បី ទីក្រុងនេះផងដែរ៕