ក្រសួងបរិស្ថាន ប្រកាសថា អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិរបស់ អាឡិច ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់


 (ភ្នំពេញ)៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាស មួយបញ្ជាក់ថា អ្នកណាដែលចូលរួម ធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិរបស់ ជនជាតិ អេស្ប៉ាញឈ្មោះ អាឡិច (Alejandro Gonzalez Davidson) ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ  «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នោះទេ។

កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុប ឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។

សេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា៖ «រាល់សកម្មភាពដែលបក្ខពួក និងក្រុម នេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រម រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដូច្នេះ អ្នកដែល ចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»

សូមបញ្ជាក់ថា លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំងការបូមខ្សាច់នៅ ក្នុងខេត្តកោះកុង៕