សហភាពអឺរ៉ុប បញ្ជូនគ្រាប់កាំភ្លើងធំ ២២០,០០០គ្រាប់ ទៅឱ្យអ៊ុយក្រែន

 (ព្រុចសែល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បាន និយាយថាបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្ដល់គ្រាប់កាំភ្លើងធំ ២២០,០០០គ្រាប់ សម្រាប់អ៊ុយក្រែននៅក្រោមគម្រោងជាប្រវត្តិសាស្ត្រមួយដែលត្រូវបានដាក់ចេញកាលពីជាង២ខែមុន សំដៅបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដើម្បីជួយ ទីក្រុងកៀវ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។

បើតាមលោក Josep Borrell បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏បានផ្ដល់មីស៊ីល ១,៣០០ គ្រាប់ដល់អ៊ុយក្រែនផងដែរ នៅក្រោមគម្រោងខាងលើ ហើយមាន គោលដៅសម្រេចឱ្យបាននូវ ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ១លានគ្រាប់សម្រាប់អ៊ុយក្រែន។ លោក Borrell បានគូសបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ យ៉ាងខ្លីដូច្នេះថា «នៅប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ និងប៉ុន្មាន ខែខាងមុខ គឺជាពេលវេលាដ៏សំខាន់ក្នុងសង្រ្គាមនៅអ៊ុយក្រែន»

គួរបញ្ជាក់ថា សហភាពអឺរ៉ុប កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាព អឺរ៉ុប បានព្រមព្រៀងគ្នាលើគម្រោងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ឬគ្រាប់រំសេវ ឱ្យអ៊ុយក្រែន ក្រោយមាន ការព្រមានថាទីក្រុងកៀវ កំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវធ្ងន់ធ្ងរ ដែលខ្លួនត្រូវការជាចាំ បាច់ដើម្បីទប់ទប់នឹងទាហានរុស្ស៉ី៕