(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែ ឧសភា ឆ្នាំ២០២៣ បានអោយដឹងថា អភិបាលតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារ ដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ពីលើតំបន់ Belgorod របស់ ប្រទេសរុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន។
អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram ថា យោងទៅតាមទិន្នន័យបឋម មិនមានជនរងគ្រោះទេ ហើយផលវិបាកនៅលើដីកំពុងត្រូវបាន បញ្ជាក់ឱ្យច្បាស់លាស់។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើយន្តហោះដ្រូននោះ ត្រូវបានបាញ់បង្ហោះ ដោយអ៊ុយក្រែនឬយ៉ាងណានោះទេ។
លោកបាននិយាយថា ស្រុក Grayvoron និងស្រុក Borisov ក្នុងតំបន់ Belgorod ត្រូវបានទទួលរង ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឱ្យខូចខាតដល់អគារលំនៅដ្ឋាន ឯកជនជាច្រើន។
តំបន់ Belgorod ដែលស្ថិតនៅជាប់នឹងតំបន់ Kharkiv របស់អ៊ុយក្រែន នាពេលថ្មីៗនេះ បានក្លាយ ជាចំណុចកណ្តាលនៃអរិភាព។
ភាគីរុស្ស៊ីបាននិយាយថា កាលពីថ្ងៃចន្ទ ក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍នៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន បានវាយលុកតំបន់ Belgorod ។ ប៉ុន្តែទីក្រុងកៀវបានបដិសេធ ដោយអះអាងថា មានក្រុមទាហានរុស្ស៊ីពីរក្រុមនៅពីក្រោយប្រតិបត្តិការក្នុងតំបន់នេះ៕