(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធទីតាំង ថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យនេះ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះ បណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។
ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទទ្វារទាំងស្រុង។ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការ ក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រ សិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។
អនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកជាប្រាំមហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈ នាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះ ស្ថានសាធារណៈរដ្ឋបាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។
ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្តុះ បណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញ ទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាមស្ថាប័នជាតិ នានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះ ទៀតបានក្លាយជាគ្រូកំពុងបង្ហាត់បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។
ដោយឡែកនិស្សិតបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនៅថ្ងៃទី២៥ ខែឧសភា មានចំនួន ៨៨៨នាក់ ( នារី ៣៨៦នាក់ ស្មើ ៤៣.៤៧% ) ក្នុងនោះមួយរូបជាជនពិការ (ថ្លង់) បានបញ្ចប់ការ សិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ និង២០២១-២០២២ ដោយជោគជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសា និង អារ្យធម៌បូព៌ាប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។
បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូ និងបុគ្គលិក សរុបចំនួន ៣៣១នាក់ ( នារី ៩១នាក់ ស្មើ ២៧.៤៩%) ក្នុងនោះ មានបុគ្គលិកពិការ ចំនួន ៣នាក់។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាលនិស្សិត លើជំនាញទាំង ៥មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥ នាក់ (នារី ១,១៩៤នាក់ ស្មើ ៤៤.៤៧% ) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦នាក់ (ស្រី ៣នាក់)។ សូមបញ្ជាក់ថា ដោយផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុងនោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។
កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់ អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះបឋមសិលា នៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភ ថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លានដុល្លារ។
អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣បន្ទប់។ ក្រៅពីនេះ មានចំណតរថយន្ត ក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ក្រុមហ៊ុនដែលទទួលការងារសាងសង់អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។
ចំណែកផ្ទៃដីទំហំជិតមួយហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥.៣លាន ដុល្លារ។
មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដសាស្រ្ត និង សិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ ផ្តើមក្នុងពេលខាងមុខនេះ ដោយគ្រោងបញ្ចប់នៅ អំឡុងឆ្នាំ២០២៤៕