វៀតណាម រិះគន់សកម្មភាពរបស់ចិន និងហ្វីលីពីន ក្នុងតំបន់សមុទ្រចិនខាងត្បូង

 (ហាណូយ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ បានអោយដឹងថា ប្រទេសវៀតណាម បានរិះគន់សកម្មភាពនាវាសា្រវជ្រាវចិនមួយ គ្រឿង និងនាវាឆ្មាំសមុទ្រហ្វីលីពីន ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចោទប្រកាន់អ្នកជិតខាង ទាំង២នេះថាបំពានសិទ្ធិអធិបតេយ្យរបស់ខ្លួន។

ភាពតានតឹងនាពេលបច្ចុប្បន្នកំពុងឡើងកម្ដៅខ្លាំង នៅឯតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹក ពាណិជ្ជកម្មដ៏សំខាន់មួយ មាននាវាពាណិជ្ជកម្មតូចធំធ្វើដំណើរឆ្លងកាត់ គិតជា ទឹកប្រាក់ស្មើនឹងជាង ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។ នៅពេលត្រូវបានសាកសួរជុំវិញភាពតានតឹងនេះ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី ផាំ ធូ ហាង (Pham Thu Hang) ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទាំងនាវារបស់ចិន និងហ្វីលីពីនសុទ្ធ តែបានបំពានសិទ្ធិអធិបតេយ្យ និង ដែនសមត្ថកិច្ចរបស់វៀតណាម។ លោកស្រីបន្ថែមថាទីក្រុងហាណូយ នឹងចាត់វិធានការឆ្លើយតបយ៉ាងសមស្រប ដើម្បីការពារសិទ្ធិ របស់ខ្លួន។

គួរបញ្ជាក់ថា ខាងភាគីចិន បានអះអាងថាការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួន គឺជាសកម្មភាពធម្មតា នៅក្នុងដែនទឹក ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ចិន។ ចំណែកឯ ហ្វីលីពីន បានដំឡើងឧបករណ៍ វាស់ស្ទង់រលកសមុទ្រ នៅតាមទីតាំងចំនួន៥ នៃតំបន់ទីប្រជុំកោះ Spratly ជាទីដែលវៀតណាមក៏ កំពុងទាមទារចំណែករបស់ខ្លួនផងដែរ៕