ប្រធានាធិបតីស៊ីរី ជាន់ដីអារ៉ាប៊ីសាអូឌីត ជាលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើង

(រីយ៉ាដ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ គឺបានអោយដឹងថា ទូរទស្សន៍អារ៉ាប៊ីសាអូឌីត និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ថាប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ (Bashar al-Assad) បានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែ ជិតដាស់ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមក្នុងកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់។

លោក អាសាដ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅក្រោយស៊ីរី ទទួលបានសមាជិកភាពរបស់ខ្លួនឡើងវិញក្នុងអង្គការអារ៉ាប់មួយនេះ ពោលគឺ ១១ឆ្នាំ បន្ទាប់ពីត្រូវ បានព្យួរសមាជិកភាព ដោយសារតែការបង្ក្រាបលើក្រុមបាតុករកាលពីឆ្នាំ២០១១ ជាពេលដែល សង្រ្គាមស៊ីវិលបានផ្ទុះឡើង និងដែលបានផ្ដាច់ជីវិតមនុស្ស ជាង ៥០០,០០០នាក់ ហើយរាប់លាន នាក់ផ្សេងទៀត ក្លាយជាជនភៀសខ្លួន។

សូមបញ្ជាក់ថា កាលពីដើមខែឧសភាកន្លងទៅនេះ សម្ព័ន្ធអារ៉ាប់មានសមាជិក ២២ប្រទេស បាន ទទួលស្វាគមន៍ស៊ីរី ត្រឡប់ចូលមកក្នុងប្លុករបស់ខ្លួនវិញ ហើយអារ៉ាប៊ីសាអូឌីត បានអញ្ជើញឱ្យលោក អាសាដ ចូលរួមជាលើកដំបូងក្នុងកិច្ចប្រជុំកំពូល ដែលរៀបចំឡើងក្នុងទីក្រុង Jeddah។ លោក អាសាដ បានចូលរួមក្នុងកិច្ចប្រជុំនេះលើកចុងក្រោយបំផុត ក្នុង ឆ្នាំ២០១០ នៅឯប្រទេសលីប៊ី៕