(ភ្នំពេញ)៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សា គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងហើយលើ «សេច ក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅក្នុងកិច្ចប្រជុំដឹក នាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ ២០២៣នេះ។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ បាល បានឱ្យដឹងថា ការរៀបចំ «សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម» មានគោលបំណងកែសម្រួលបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសម ស្រប។ បន្ថែមពីលើនោះ គឺបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS) ជាដើម។
ឯកឧត្តម រដ្ឋមន្ត្រីបន្តថា សេចក្ដីព្រាងច្បាប់នេះ បានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានលក្ខណៈ ប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយ ដែលពីមុនបទប្បញ្ញត្តិទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្ដុំបទប្បញ្ញត្តិទាំងអស់ឱ្យនៅក្នុងច្បាប់តែមួយនេះ ធ្វើឱ្យមានភាពងាយស្រួលដល់ អ្នកប្រើប្រាស់ និងអ្នកអនុវត្តច្បាប់ផងដែរ។
សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដើម្បីធានានូវភាពរឹងមាំ ដែលត្រូវបានការពារដោយច្បាប់។
បើតាមឯកឧត្តម ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំ ឡើង មិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហា ដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ ស្ដែងកន្លងមកប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិ ដែលមានលក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចជាស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។
គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បី ពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងពង្រឹង លើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រង ស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នេះមាន ១២ជំពូក និង ១៨២មាត្រា ដូចខាងក្រោម៖
– ជំពូកទី១
ស្ដីពីបទប្បញ្ញត្តិទូទៅ
– ជំពូកទី២ ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន
– ជំពូកទី៣ ស្ដីពីស្ថិតិអត្រានុកូលដ្ឋាន
– ជំពូកទី៤ ស្ដីពីការចុះបញ្ជីស្នាក់នៅ
– ជំពូកទី៥ ស្ដីពីការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
– ជំពូកទី៦ ស្ដីពីប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន
– ជំពូកទី៧ ស្ដីពីការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល
និងសន្តិសុខទិន្នន័យ
– ជំពូកទី៨ ស្ដីពីកម្រៃសេវា
– ជំពូកទី៩ ស្ដីពីការត្រួតពិនិត្យ និងអធិការកិច្ច
– ជំពូកទី១០ ស្ដីពីទោសប្បញ្ញតិ
– ជំពូកទី១១ ស្ដីពី អន្តរប្បញ្ញតិ
– ជំពូកទី១២ ស្ដីពី អវសានប្បញ្ញតិ៕