សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុន ជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា ព្រោះបេស កកម្មកម្ពុជាមិនចប់ត្រឹមស៊ីហ្គេម៣២នេះទេ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ​ជប៉ុន ដែលបាន ជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា ឱ្យទទួលបាន​សមត្ថភាពក្នុងការប្រកួតស៊ីហ្គេម លើកទី៣២។ សម្តេចតេជោ បានស្នើជប៉ុនហ្វឹកហាត់សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា បន្តទៅ ទៀត ព្រោះបេសកកម្មកម្ពុជាមិនបញ្ចប់ត្រឹមស៊ីហ្គេមលើកទី៣២នេះឡើយ។

ការថ្លែងអំណរគុណបានធ្វើឡើងក្នុងពេលដែលលោក ហ្គោតារ៉ូ អូហ្កាវ៉ា (Gotaro Ogawa) ប្រធាន គាំទ្រូយូដូកម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹង​ថា ក្នុងជំនួប នោះលោក អូហ្កាវ៉ា បានសម្តែងការអបអរសាទរជូនសម្តេចតេជោ ដែល​បានរៀបចំការប្រកួតស៊ី ហ្គេម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោកបានលើកឡើងថា កីឡាករ កីឡាការិនីរបស់កម្ពុជា មានការតស៊ូ និងព្យាយាមខ្លាំងណាស់ នៅពេលទៅហ្វឹកហាត់នៅជប៉ុន។ លោកបន្តថា គ្រូបង្វឹក កីឡាករ កីឡាការិនីរបស់ជប៉ុន មានការ គោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់កីឡាករ កីឡាការិនីរបស់កម្ពុជា។

លោក អូហ្កាវ៉ា បន្តថា កីឡាករ កីឡាការិនីរបស់កម្ពុជា មានទេពកោសល្យ និងសក្តា​នុពលលើកីឡា យូដូ។ ក្នុងន័យនេះ លោកបានស្នើសុំសម្តេចតេជោ ឱ្យជប៉ុន ជួយ​បង្វឹក​កីឡាករ កីឡាការិនីកម្ពុជា បន្តទៅទៀត។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក អូហ្កាវ៉ា លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួល បានមេដាយច្រើន មិនធ្លាប់មានពីមុនមកក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។

សម្តេចតេជោ បានស្នើលោក អូហ្កាវ៉ា លោកគ្រូ អ្នកគ្រូយូដូរបស់ជប៉ុន ជួយហ្វឹក​ហាត់​កីឡាករ កីឡា ការិនីរបស់កម្ពុជាបន្តទៅទៀត ព្រោះបេសកកម្មកម្ពុជាមិន​បញ្ចប់​ត្រឹម​ស៊ីហ្គេម៣២នេះទេ គឺត្រូវទៅ ចូលរួមការប្រកួតបន្តបន្ទាប់ទៀត។ ម្យ៉ាងវិញ កីឡានាំ​មកនូវសុខភាពល្អ និងជាស្ពាននាំមកនូវ ទំនាក់ទំនងរវាងប្រជាជន និងប្រជា​ជន ជាពិសេសរវាងយុវជន និងយុវជន៕