(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងថាពលរដ្ឋអាមេរិកដើមកំណើតចិនម្នាក់ ត្រូវបានចាប់ខ្លួនពីបទផ្ដល់ព័ត៌មាន ពាក់ព័ន្ធនឹងសកម្មជនចិននៅក្នុងសហរដ្ឋអាមេរិក ទៅឱ្យរដ្ឋាភិបាលចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។
បើតាមក្រសួងយុត្តិធម៌អាមេរិក លោក លីតាំង លៀង (Litang Liang) មានអាយុ ៦៣ឆ្នាំ រស់នៅក្នុងទីក្រុង Brighton រដ្ឋ Massachusetts ត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃទី៩ ខែឧសភា ក្រោមបទចោទប្រកាន់ថាបានដើរតួនាទីជាទីភ្នាក់ងាររបស់សាធារណរដ្ឋប្រជាមានិតចិន ដោយមិនបានជូនដំណឹងដល់ អាជ្ញាធរអាមេរិក។ ក្រសួងបន្ថែមទៀតថា លោក លីតាំង នៅចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ បានផ្ដល់ព័ត៌មានអំពីសកម្មជនចិន និងអ្នករិះគន់ រដ្ឋាភិបាលចិន ក្នុងនោះរួមមានទាំងសមាគម ឬអង្គការមានទំនោរគាំទ្រតៃវ៉ាន់ ទៅឱ្យទីក្រុងប៉េកាំង៕