(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
របាយការណ៍បានបង្ហាញថា និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី ដែលអញ្ជើញទទួលសញ្ញាបត្រនេះមានចំនួនសរុប ៣,២៧៩នាក់ នារី ១,៣១៩នាក់ ស្មើនឹងជាង ៤០ភាគរយ។ និស្សិតជ័យលាភីទាំងនេះ បានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ២០២២។ ក្នុងនោះមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២,៤៣៣នាក់, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ៣១៥នាក់។
និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះមាន ៥កម្រិតផ្សេងគ្នារួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ២,៨៤៨នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦៦នាក់ នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិតចំនួន ៥៦នាក់ នារី ២០នាក់ និងថ្នាក់បណ្ឌិតចំនួន ៨នាក់ នារី ១នាក់។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ចំនួន ១,០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦ភាគរយ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សចំនួន ៣០,៣៥៤នាក់ នារី ៧,៨១៥នាក់។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាមធ្យមគ្រឹះស្ថានទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់វិស័យកសិកម្ម។
ជាមួយនឹងលទ្ធផលខាងលើនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងបីបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការជំរុញអនុវត្តយុទ្ធសាស្រ្ត ១០ឆ្នាំថ្មី ២០២១-២០៣០ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២១កន្លងទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
សម្រាប់ឆ្នាំ២០៣០ខាងមុខ គ្រឹះស្ថានទាំងបីមានគោលដៅសម្រេចឱ្យបាននូវការបណ្តុះបណ្តាលនិស្សិតប្រកបដោយចំណេះដឹង ជំនាញ មនសិកាវិជ្ជាជីវៈ និងផលិតភាពខ្ពស់ ឱ្យបានយ៉ាងតិចចំនួន ៦,០០០នាក់ និងបង្កើតឱ្យបាននូវបច្ចេកវិទ្យា និងផលិតផលថ្មីៗដែលទីផ្សារត្រូវការយ៉ាងតិចចំនួន៥០៕