(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ អគ្គីភ័យបានឆេះឃ្លាំងក្រណាត់មួយកន្លែងស្ថិតនៅចំណុចផ្លូវវបេតុង ក្រុម១៥ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យឆេះអស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះមួយខ្នង បណ្តាលឲ្យរងការខូចខាតអស់ប្រាណ១០% ដោយកម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត ៦០គ្រឿងទើបពន្លត់បាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដេីម្បីទប់ស្កាត់មិនឲ្យអណ្តាតភ្លេីងឆេះរាលដាលបន្តទៀត។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តទៀតថា ដោយនៅប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត៦០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់៥៤ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះឃ្លាំងក្រណាត់អស់ទាំងស្រុង សង់អំពីដែកប្រក់សង្ក័សី ទំហំ (៩ម៉ែត្រ គុណ៥០ម៉ែត្រ) និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ មួយខ្នងទៀត ខូចខាតប្រហែល១០%។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕