ចិនប្រកាសបណ្តេញកុងស៊ុលកាណាដាប្រចាំទីក្រុងសៀងហៃ ដើម្បីសងសឹកនឹងការបណ្តេញមន្រ្តីទូតចិន នៅប្រទេសកាណាដា

(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបាននិយាយថា ខ្លួននឹងបណ្តេញកុងស៊ុលរបស់ប្រទេសកាណាដា ប្រចាំនៅទីក្រុងសៀងហៃ ដើម្បីជាចំណាត់ការសងសឹក ក្រោយរដ្ឋាភិបាលទីក្រុងអូតាវ៉ាបានប្រកាសបណ្តេញ មន្រ្តីការទូតចិនដែលរងការចោទប្រកាន់ថា បានព្យាយាមសម្លុតគំរាមសមាជិកសភាកាណាដាម្នាក់ ដែលប្រកាន់ជំហរប្រឆាំងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានប្រកាសថា «ដើម្បីជាចំណាត់ការឆ្លើយតប ចំពោះសកម្មភាពដ៏អយុត្តិធម៌របស់​កាណាដា ប្រទេសចិនសម្រេចប្រកាសចាត់ទុក លោកស្រី ជេននីហ្វឺ លីន ឡាឡុន (Jennifer Lynn Lalonde) ដែលជាកុលស៊ុលនៃអគ្គកុលស៊ុលកាណាដា នៅទីក្រុងសៀងហៃ គឺជាបុគ្គលលែងត្រូវបានស្វាគមន៍។» លោកស្រី ឡាឡុន ត្រូវបានជូន​ដំណឹងឱ្យចាកចេញពីប្រទេសចិន មិនឱ្យលើសពីថ្ងៃទី១៣ ខែឧសភា៕