លោកទេសរដ្ឋមន្ត្រី គន់ គីម ជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម

(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

បើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសនៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានឱ្យដឹងថា ចំពោះការបំពាក់ជូននូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាក្នុងឱកាសនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះជាកិត្តិយសមួយដែលប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ជូនដល់អតីតយុទ្ធជនទាំងអស់ដោយមិនមានការរើសអើង និងក៏ដូចជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជន បានរួមចំណែកក្នុងកិច្ចការពារទឹកដី និងការរួមចំណែកការរក្សាបាននូវសុខសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយទទួលបាននូវសុខសន្តិភាពមកដល់ថ្ងៃនេះ ។ លោកបានបន្ថែមថា ក្នុងនាមជាអតីតយុទ្ធជន ជាអ្នកប្រយុទ្ធ អ្នកតស៊ូ ដូច្នេះយើងត្រូវធ្វើជាគំរូល្អ និងការពារមរតកសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង៕