កម្ពុជា-អូស្រ្តាលីនឹងបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធ​ភាព, ៣ខែទំហំពាណិជ្ជកម្មមានជាង ១៣៥លានដុល្លារ កើន៧.៥%

(ភ្នំពេញ)៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជា-អូស្រ្តាលី នឹងបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធ​ភាព​ បន្ទាប់ពីកិច្ចព្រម​ព្រៀងនេះ បានដាក់ឱ្យអនុវត្តអស់រយៈពេលជាង ១ឆ្នាំមកនេះ។

ឧកញ៉ា លឹម ហេង លើកឡើងបែបនេះស្របពេលដែលលោកបានដឹកនាំប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ទៅ​បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២៣នេះ​ និងបានជួបពិភាក្សាការងារពាណិជ្ជកម្មមួយចំនួនជាមួយប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃរដ្ឋាភិបាលវីចតូរីយ៉ា និងពាណិជ្ជករអូស្រ្តាលី។

ឧកញ៉ា លឹម ហេង បានឱ្យដឹងថា ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងចំនួន២ នៅប្រទេសអូស្រ្តាលី នឹងចាប់ផ្តើមពង្រីកទំនាក់ទំនងទ្វេភាគីរវាងពាណិជ្ជករ និងពាណិជ្ជករ ​ឬរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលនឹងធ្វើឱ្យការទំនាក់ទំនងកាន់តែឆាប់រហ័ស នឹងងាយស្រួល ស្របពេលដែលកម្ពុជា និងអូស្រ្តាលី កំពុងអនុវត្តនូវកិច្ចព្រមព្រៀង RCEP។

​លោកសង្ឃឹមថា បន្ទាប់ពីបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី នឹងធ្វើឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ រវាងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអូស្រ្តាលី។

ក្នុងដំណើរទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានចុះទស្សនកិច្ច ទៅកាន់តំបន់ឧស្សាហកម្ម កសិដ្ឋានមួយចំនួននៅអូស្រ្តាលី និងមានជំនួបពាណិជ្ជមួយចំនួន ដែលរំពឹងថា ការនាំចេញនាំចូលរវាងកម្ពុជា និងអូស្រ្តាលី នឹងកាន់តែល្អប្រសើរឡើង​​។

​បើតាមឧកញ៉ា លឹម ហេង អូស្រ្តាលីបានចាប់អារម្មណ៍ក្នុងការនាំចូលសម្ភារៈ និងម្ហូបអាហារផ្សេងៗមកកម្ពុជា ខណៈអូស្រ្តាលីមានតម្រូវការលើផលិតផលច្រើនប្រភេទដូចជា វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន ៩ប្រភេទ​ ដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និង​ចំណិត​ចេក​ក្រៀម​ ដែលបានសិក្សាដោយកម្មវិធី​ចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ដ្រាលី​ (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។​​​

ក្នុងដំណើរទស្សនកិច្ចទៅប្រទេសអូស្រ្តាលីនេះ ឧកញ៉ា លឹម ហេង ថែមទាំងបានជួបពិភាក្សាការងារជាមួយ លោកស្រី ឡូរ៉ា បឺក ប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃរដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលទីក្រុងមែលប៊ន និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជានិងអូស្ត្រាលី។

លោកស្រីបានលើកឡើងថា ការិយាល័យវិនិយោគវីចតូរីយ៉ា នឹងធ្វើការយ៉ាងជិតស្និតជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា និងស្វែងរកវិ​ស័យឯកជន ដើម្បីពិភាក្សាក្នុងការពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈកិច្ចព្រមព្រៀង RCEP៕