(ភ្នំពេញ)៖ រយៈពេល១៧ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ជិត៩ពាន់នាក់ ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃ ក្នុងរាំរ៉ៃ ដែលសម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ។
ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំពិធីជូនដំណើរ កងអនុសេនាធំវិស្វកម្ម ពហុជំនាញលេខ៤២៣ ចំនួន២៤៤នាក់ ស្ត្រី៣០នាក់ និងសុនខហិតមីន ចំនួន២ក្បាល មុនចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។
ពិធីជូនដំណើរនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងកម្ពុជា រក្សាសន្តិភាពអង្គការសហប្រជាជាតិ, លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, នាយឧត្តម សេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ព្រមទាំងថ្នាក់ ដឹកនាំមជ្ឈមណ្ឌលជាតិមួយចំនួនផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កងវិស្វកម្មលេខ៤២៣ ជាកងទី៩ ដែលត្រៀម ហោះហើរទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនេះ មានចំនួនសរុប ២៤៤នាក់ ដោយមាននារី ៣០នាក់ ដែលមកពីបណ្តា៤០កងឯកភាព នៃកងយោធពលខេមរភូមិន្ទ។ កងកម្លាំង ដែលនឹងចេញបំពេញបេសកកម្មក្នុងឆ្នាំ៩នេះ សុទ្ធតែបានទទួលការហ្វឹកហ្វឺនមុនចល័ត និងលើជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ពីគ្រូបង្គោលកម្ពុជា និងពីបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលដូចបណ្តាកងមុនៗដែរ។
ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបង្ហាញសេចក្តីរីករាយជាខ្លាំង ដ្បិតកម្ពុជាបានបញ្ជូនកងកម្លាំងជិត ៩ពាន់នាក់ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដោយទទួលបានស្នាដៃយ៉ាង ធំធេងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦មក។
ឆ្លៀតក្នុងឱកាសខួបគម្រប់១៧ឆ្នាំដែលកម្ពុជាបញ្ជូនកងកម្លាំងចូលរួមបេសកកម្មក្រោមឆត្រអង្គការដសហប្រជាជាតិ, ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានកោតសរសើរដោយស្មោះ និងដឹងគុណចំពោះ ពលិកម្មនៃកងកម្លាំងកម្ពុជា ដែលជាវិរបុរសថែរក្សាសន្តិភាព។
ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ក៏បានផ្តាំផ្ញើដល់នាយកងកម្លាំងទាំងអស់ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តឱ្យ បានម៉ឺងម៉ាត់នូវប្រសាសន៍បទបញ្ជាទាំង៤ចំណុចរបស់ សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា។
ជាមួយគ្នានោះ លោក Joseph Scheuer បានបង្ហាញការដឹងគុណ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងប្រតិបត្តិការរក្សាសន្តិភាព។ ជាពិសេស តួលេខ របស់ អសប បង្ហាញថា នៅចុងឆ្នាំ២០២២ កម្ពុជាជាប់លំដាប់លេខរៀងទី៥ ទូទាំងពិភពលោក ក្នុងសមាមាត្រនៃកងកម្លាំង ដែលត្រូវបានដាក់ពង្រាយស្រ្តី ក្នុងចំណោម៧៨ប្រទេស ដែលបរិច្ចាគ កម្លាំង។
លោក Joseph Scheuer ក៏បានអបអរកម្ពុជា ក្នុងការសម្រេចបាននូវយុទ្ធសាស្រ្តសមភាពយេន ឌ័ររបស់ អសប ប្រទេសបរិច្ចាគកងកម្លាំងទាំងអស់នឹងកំណត់ឱ្យចល័តកម្លាំងនារីជានាយទាហាន សេនាធិការដល់ទៅ២៥% និងក្នុងកងឱ្យបានដល់ទៅ១៥% នាឆ្នាំ២០២៨ ដោយឡែកកម្ពុជាបាន សម្រេចនូវសន្ទស្សន៍នេះ តាំងពីឆ្នាំ២០២២មក។
សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត៩ពាន់នាក់ ចេញបំពេញបេស កកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕