មនុស្ស៨នាក់ទៀតស្លាប់ និង១៣នាក់របួស ក្នុងករណីបាញ់ប្រហារនៅស៊ែប៊ី ត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយការបាញ់ប្រហារក្នុងសាលារៀន ដែលបានផ្តាច់ជីវិតកូនក្មេង៨នាក់

 (បែលហ្ក្រាដ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ស៊ែប៊ី បានរាយការណ៍ថា កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍នេះ មនុស្សចំនួន៨នាក់បានស្លាប់ និង១៣នាក់បានទទួលរងរបួស ក្នុងហេតុ ការណ៍បាញ់ប្រហារនៅជាយក្រុងមួយ ចម្ងាយប្រហែលជា ៦០គីឡូម៉ែត្រពីភាគខាងត្បូង​រដ្ឋធានី បែលហ្រ្កាដនៃប្រទេសស៊ែប៊ី។

ស្ថានីយទូរទស្សន៍ស៊ែប៊ី RTS បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារនោះបានកើតឡើង នៅជាយ ក្រុង ម៉្លាដេណូវ៉ាក់ (Mladenovac) ដោយខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ ជាមួយអាវុធ ប្រភេទស្វ័យប្រវត្តិ ដែលអាចបាញ់បានច្រើនគ្រាប់ក្នុងពេលត្រឹមប៉ុន្មាន​វិនាទី ចេញពីយានជំនិះមួយ គ្រឿងដែលកំពុងបើកបរនៅលើផ្លូវ ហើយគេចខ្លួនបាត់។ ប៉ូលិសកំពុងតែបើកប្រតិបត្តិការស្វែងរក ជនដៃដល់ម្នាក់នោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទើបតែមានករណីក្មេងប្រុសម្នាក់អាយុខ្ទង់១៣-១៤ឆ្នាំ បានបាញ់សម្លាប់កូនសិស្ស៨នាក់ទៀត ព្រមទាំងសន្តិសុខម្នាក់ នៅឯសាលារៀនមួយកន្លែងក្នុង ទីក្រុងបែលហ្រ្កាដ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងប្រទេសនៃតំបន់​បាល់កង់មួយ នេះ៕