(ប៉ារីស)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា ក្រុមបាតុករ បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិស នៅទូទាំង ប្រទេសបារាំង នៅ ថ្ងៃចន្ទសប្ដាហ៍នេះ ខណៈមនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេប្រឆាំងនឹងការធ្វើកំណែទម្រង់សោធននិវត្តន៍របស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង។
លោក ម៉ាក្រុង កាលពីខែមេសាកន្លងទៅ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយឱ្យក្លាយ ទៅជាច្បាប់ផ្លូវការ ដោយតម្រូវឱ្យដំឡើងអាយុចូលនិវត្តន៍ពី ៦២ ដល់ ៦៤ឆ្នាំ បើទោះជាមានបាតុ កម្មប្រឆាំងតវ៉ាក៏ដោយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានឱ្យដឹងថាប៉ូលិសយ៉ាងហោច ១០៨នាក់បានរងរបួស នៅក្នុង ការប៉ះទង្គិចគ្នាជា មួយក្រុមបាតុករជ្រុលនិយមមួយចំនួន ក្នុងនោះមានប៉ូលិស ២៥នាក់រងរបួសនៅទីក្រុងប៉ារីស ខណៈមនុស្ស ២៩១នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ហើយក្នុងនោះមាន ១១១នាក់ត្រូវ បានចាប់ខ្លួននៅប៉ារីស។ លោក ដាម៉ាណាំង បានថ្កោលទោសយ៉ាងខ្លាំង លើក្រុមបាតុករខ្លះដែល លោកហៅថាក្រុមឆ្វេងនិយមជ្រុល មានឈ្មោះថា «black blocs» ដែលមានសមាជិក ២,០០០ នាក់នៅប៉ារីស និង១,០០០នាក់នៅទីក្រុងលីយ៉ុង ជាមួយការព្រមានថាអ្នកដែលវាយប្រហារ លើប៉ូលិស នឹងត្រូវទទួលរងការដាក់ទោសយ៉ាងតឹងរ៉ឹង៕