(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការទទួលបានគោរម ងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គី ភាព» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណ រដ្ឋឥណ្ឌូនេស៊ី គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់។
ក្នុងពិធីនាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ដល់ជូនសម្ដេចនៅពេលនេះ ក៏បង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធ សាសនា សន្តិភាព ការអភិវឌ្ឍ និងសន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ។ សម្ដេចបន្ដថា ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលបានជ្រៀប ចូលទៅក្នុងជីវិត រស់នៅរបស់មនុស្សលោកទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការផ្តល់គោរមងារ និងសញ្ញាបត្រ កិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ខ្ញុំព្រះករុណាខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាចកាត់ថ្លៃបាន រវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និងសន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ។ ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃ ពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋ ភាពសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោក ម៉ូរីតា នរីតាដា (Morita Noritada) ដែលបាន និងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសមេគង្គ និងលើក កម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។ សាមសិបឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមាន វត្តមាននៅទីនេះជាមួយយើងទាំងអស់គ្នាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបានគោរមងារ និងសញ្ញាបត្រកិត្តិយសនាថ្ងៃនេះ កើតមានឡើងដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទីជាច្រើនក្នុង នាមជាព្រឹទ្ធបុរសមួយរូបរបស់អាស៊ី។ លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកសម្តេចដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។
បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ដ្រី, ការចូលរួមដោយមិនគិតពីការនឿយហត់របស់ លោក ម៉ូរីតា ក្នុងការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបានពីសម្តេចនូវការ កោតសរសើរ និងការគោរពអស់ពីដួងចិត្ត។ ជាក់ស្តែង លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅ ទស្សនាប្រាសាទ ព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបាន ជួយបង្កើន សន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើម ជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និង កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញ ពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការ ពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿ បន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។ សម្តេចក៏សូមយកឱកាសនេះ កោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជា រយៈពេលកន្លងមក និងបច្ចុប្បន្ននេះ៕