សង្រ្គាមអ៊ុយក្រែន លើកឡើងថា សហរដ្ឋអាមេរិក ជឿថាទាហានរុស្ស៉ីជាង ២០,០០០នាក់ ត្រូវបាន សម្លាប់ចាប់តាំងពីខែធ្នូមក


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣អោយដឹងថា សេតវិមានបានវាយតម្លៃថាទាហានរុស្ស៉ីជាង ១០០,០០០នាក់បានរងរបួស និងស្លាប់ ហើយក្នុងនោះមានជាង ២០,០០០នាក់ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមនៅឯសមរភូមិ នៃតំបន់ដូណេត ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានឱ្យដឹងនៅក្នុងសន្និសីទសារ ព័ត៌មានមួយកាលពីថ្ងៃចន្ទ ទី១ ខែឧសភា ទៀតថាការវាយតម្លៃ ខាងលើធ្វើឡើងដោយផ្អែកលើព័ត៌ មានសម្ងាត់ថ្មីៗរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក។ ប៉ុន្តែ លោកមិនបានលម្អិតថាតើខាង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកប្រមូលទិន្នន័យពីចំនួនទាហានរុស្ស៉ីស្លាប់ និងរងរបួសដោយ របៀបណានោះទេ ដោយគ្រាន់តែបន្ថែមថាជាងពាក់កណ្ដាលនៃទាហានរុស្ស៉ី ត្រូវបានសម្លាប់ ចាប់តាំងពីខែធ្នូមក គឺជាសមាជិកក្រុមទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលកំពុងដឹកនាំការធ្វើ សង្រ្គាមនៅក្នុងទីក្រុងបាកមូត។

គួរបញ្ជាក់ថា បើតាមលោក John Kirby សេតវិមានមិនបានផ្ដល់ការវាយតម្លៃពីតួលេខទាហាន អ៊ុយក្រែនស្លាប់ និងរងរបួស ដោយសារតែអ៊ុយក្រែនគឺជាជនរងគ្រោះ រីឯរុស្ស៉ីគឺជាអ្នកឈ្លានពាន៕