ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បែងចែកភារកិច្ចជូន លោក ហ៊ុន កុសល ឱ្យជួយលើការងារដោះស្រាយវិវាទដីធ្លី និងការងារផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបែងចែកភារកិច្ចជូន លោក ហ៊ុន កុសល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ ឱ្យជួយរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ លើការងារដោះស្រាយវិវាទដីធ្លី ការអភិវឌ្ឍ និងប្រព័ន្ធផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការងារពាក់ព័ន្ធអង្គការសង្គមស៉ីវិល វប្បធម៌ ព័ត៌មាន និងអនុវត្តការងារផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

នេះបើតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែន បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សកម្មជនក្រុមប្រឆាំង លោក ហ៊ុន កុសល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានស្នើសូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈ Video ខ្លីមួយ លោកបានប្តេជ្ញា និងបង្ហាញចិត្តស្មោះត្រង់ ចំពោះសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា៕