រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ជួបពិភាក្សាការងារ


 (ភ្នំពេញ)៖ លោក ចាស្ទីន ខេវិន វ៉ាយអេត Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំ កម្ពុជាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ប្រកបដោយក្តីសោ មនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអូស្រ្តាលី នាពេលកន្លងទៅលើការគាំទ្រគម្រោងមួយចំនួននៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជា រួមមានជាអាទិ៖ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ វគ្គបណ្តុះបណ្តាលភាពជា អ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការ។ល។

ក្រៅពីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារមួយចំនួន លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី បានចាប់ អារម្មណ៍និងកោតសសើរចំពោះសមទ្ធិផលការងាររបស់ក្រសួងមុខងារសាធារណៈនាពេលថ្មីៗក្នុងក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមានដូចជា ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការដំឡើងបៀវត្សជូនមន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ការបើកផ្តល់បៀវត្សដល់មន្ត្រីរាជការស៊ីវិលជាទៀងទាត់តាមប្រព័ន្ធធនាគារ រួមទាំងការផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីតាមប្រព័ន្ធឌីជីថលជាដើម។ល។

ជាការឆ្លើយតបចំពោះការលើកឡើងខាងលើ ទាក់ទងនិងសមទ្ធិផលរបស់ក្រសួង ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈមានផែនការការងារសម្រាប់ជំហានបន្ត ទៀតរបស់ខ្លួនក្នុងគោលដៅកែទម្រង់រដ្ឋបាលសាធារណៈរួមមាន ការជម្រុញអនុម័តព្រះរាជក្រឹត្យ ស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការនៃព្រះរាជណាចក្រកម្ពុជា ការតាក់តែងជាថ្មីនូវច្បាប់សហ លក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងគម្រោងគាំពារសុខមាលភាព មន្រ្តីរាជការ ។ល។

ចុងក្រោយនៃជំនួបនេះទាំងឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ចាស្ទីន ខេវិន វ៉ាយអេត Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសម្តែងនូវជំនឿជឿជាក់យ៉ាង មុតមាំថាកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ នឹងបន្តរួម ចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងអូស្រ្តាលី៕