(កណ្ដាល)៖ ករណីបាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាងមុខផ្សារស្អាង ព្រែកតូច ក្នុងស្រុកស្អាង បណ្ដាលឲ្យផ្ទះពលរដ្ឋកើនឡើងចំនួន៤០ខ្នង រងការខូចខាត ផ្ទះខ្លះបាក់ចូលទន្លេ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។
ក្រោយកើតហេតុភ្លាម អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានចេញបញ្ជាភ្លាមៗដល់អាជ្ញាមូលដ្ឋាន កងកម្លាំងទាំង៣ចេញអន្តាគមន៍ជួយសង្រ្គោះពលរដ្ឋបន្ទាន់ផងដែរ។
តាមរបាយការណ៍ ផ្ទះទាំង៤០ខ្នងនោះគឺស្មើនឹងចំនួន ២១គ្រួសារ (បញ្ជាក់ដោយកំណើនខ្នងផ្ទះច្រើនដោយសារ ក្នុងនោះ ០១គ្រួសារ មានផ្ទះ២ ឬ៣ល្វែង)ដែលជាហេតុធ្វើអោយកើនឡើងនូវចំនួនខ្នងផ្ទះ។ ក្នុងនោះរួមមាន៖
*ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ខ្នងផ្ទះ
*ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ
*ផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។
ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមការងារ បានចុះណែនាំ ដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ, ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ, រៀបចំសុវត្ថិភាព និងធ្វើការបញ្ជៀសការកកស្ទះ និងសម្រួលដល់ការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានប្រើប្រាស់កងកម្លាំង រួមមាន៖ ប៉ូលីស ២០០នាក់ កងរាជអាវុធហត្ថ ៨១នាក់ និងមានការមកជួយពីខាងក្រុមការងារកងរុករក និងសង្រ្គោះ ចំនួន ៧២នាក់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រង់ចាំជួយសង្រ្គោះ។
គួរជម្រាបថា ម្ដុំនេះជាតំបន់ខ្សែរទឹកកោង ដែលចំមុខទឹកហូរបុកមកជារៀងរាល់ថ្ងៃ ខណ:ដែលប៉ុន្មានឆ្នាំមុន មានករណីដាក់សាឡុងបូមខ្សាច់នៅទីនេះ ហើយពលរដ្ឋតវ៉ាជាញឹកញាប់ទម្រាំតែគេដកចេញ ហើយករណីបាក់ស្រុតផ្ទះក៏នៅបន្តលងបន្លាចពលរដ្ឋមកដល់បច្ចុប្បន្ន៕