អាជីវករលក់ដូរលើផ្លូវខាងត្បូងផ្សារ និងខាងកើតផ្សារចាស់ក្រុងព្រៃវែង ត្រូវបញ្ឈប់ការលក់ដូរលើផ្លូវរបស់រដ្ឋតទៅទៀត, អាជ្ញាធរត្រៀមរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយឲ្យបានល្អ

(ព្រៃវែង)៖ អាជ្ញាធរខេត្តព្រៃវែង ក៏ដូចជាគណៈកម្មការផ្សារចាស់ ក្រុងព្រៃវែងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានអំពាវនាវដល់អាជីវករ ដែលមិនទាន់ផ្ទេរការលក់ដូរនៅលើ ផ្លូវខាងត្បូងផ្សារ និងខាងកើតផ្សារចាស់ ត្រូវរួសរាន់ទៅលក់ដូរនៅផ្សារថ្មីព្រៃវែង ឲ្យបានឆាប់ ព្រោះអាជ្ញាធរនឹងរៀបចំសណ្ដាប់ធ្នាប់ផ្លូវជុំវិញផ្សារឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អនៅក្នុងក្រុង។

លោក ឡាញ់ វីរៈ ប្រធានគណៈកម្មការផ្សារចាស់ព្រៃវែង បានឲ្យដឹងថា ដោយយោងលើសេចក្តីជូនដំណឹងរបស់គណ:កម្មការរៀបចំសណ្តាប់ធ្នាប់ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលត្រូវរៀបចំសណ្តាប់ធ្នាប់ក្រុង ពិសេសជុំវិញផ្សារចាស់ព្រៃវែង ជាចាំបាច់នោះ គណៈកម្មការគ្រប់គ្រងផ្សារព្រៃវែង ក៏បានជូនដំណឹងដល់បងប្អូនអាជីវករ លក់ដូរលើផ្លូវខាងត្បូងផ្សារចាស់និងខាងកើតផ្សារចាស់ សូមប្រញាប់រុះរើទៅលក់ដូរនៅកន្លែងផ្សារថ្មីឲ្យបានរួសរាន់ និងគ្រប់ៗគ្នា បើពុំដូច្នោះទេ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ នឹងរៀបចំ រុះរើរបស់របរបងប្អូនទាំងអស់ចេញពីចិញ្ចើមផ្លូវ ហើយក្នុងករណីមានការបែកបាក់ ឬខូចខាត របស់របររបស់បងប្អូនដោយ ប្រការណាមួយនោះ គណ:កម្មការនឹងមិនទទួលខុសត្រូវឡើយ។

លោកបានបន្ថែមថា បន្ទាប់ពីការជូនដំណឹងពីអាជ្ញាធរ ក៏ដូចជាគណៈកម្មការផ្សារចាស់រួចមក អាជីវករដែលលក់ដូរលើផ្លូវជុំវិញផ្សារចាស់មួយចំនួន ក៏បានសម្រេចចិត្តទៅលក់ដូរនៅផ្សារថ្មីព្រៃវែង ប្រមាណ៨៥ភាគរយហើយ តែអាជីវករជាង២០នាក់ទៀត មិនព្រមទៅលក់ដូរនោះទេ ព្រមទាំងធ្វើការតវ៉ាជាមួយអាជ្ញាធរដោយមិនព្រមចាកចេញទៀតផង ហើយនៅព្រឹកថ្ងៃនេះអាជ្ញាធរខេត្ត បានអញ្ជើញអាជីវករជាង២០នាក់ ដែលកំពុងលក់ដូរលើផ្លូវ ដើម្បីធ្វើការដោះស្រាយផងដែរ។

លោក ឡាញ់ វីរៈ បានឲ្យដឹងថា ក្នុងនាមលោកតំណាំងឲ្យគណៈកម្មាធិការផ្សារចាស់ និងផ្សារថ្មីព្រៃវែង តែងតែធ្វើអ្វីទៅតាមការសម្រេចរបស់អាជ្ញាធរ ហើយការបង្កើតឲ្យមានផ្សារថ្មីព្រៃវែងនេះ ដោយសារផ្សារចាស់មានភាពចង្អៀតដែលនាំឲ្យអាជីវករលក់ដូរ លើផ្លូវជារបស់រដ្ឋ នាំឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងអាគារក៏ចាស់ ដែលមានហានិភ័យដល់អាជីវករដែលកំពុងលក់ដូរនឹងទាមទារឲ្យមានការជួសជុលឡើងវិញផងដែរ។

លោកបន្តថា ចំពោះអ្នកលក់ដូរខាងក្នុងផ្សារចាស់ព្រៃវែង គណៈកម្មការផ្សារមិនប៉ះពាល់នោះទេ គឺឲ្យលក់ដូរធម្មតា តម្រូវឲ្យតែអ្នកលក់ដូរលើផ្លូវជុំវិញផ្សារត្រូវរុះរើចេញតែប៉ុណ្ណោះ។ ម្យ៉ាងទៀតផ្សារថ្មីព្រៃវែង មានកន្លែងលក់ដូរត្រឹមត្រូវមានផាសុខភាព អនាម័យ សុវត្ថិភាពល្អ ដល់បងប្អូនអាជីវករដែលគាត់លក់ដូរនៅកន្លែងថ្មី ពិសេសជៀសវាងនៅពេលរដូវវស្សាដែលមានភ្លៀងធ្លាក់ មានភក់ជ្រាំ ដែលបង្កឲ្យមាន អនាម័យមិនល្អ ប៉ះពាល់ដល់សុខភាព អ្នកលក់ដូរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលគាត់មកទិញទំនិញ និងបន្លែ ត្រី សាច់ ផងដែរ។

លោកបញ្ជាក់ថា ផ្សារថ្មី និងផ្សារចាស់ព្រៃវែង គឺជាផ្សាររបស់រដ្ឋ សូមអាជីវករកុំយល់ច្រឡំថា ជាផ្សារឯកជន ក្នុងនាមគណៈកម្មការផ្សារថ្មី ក្រុងព្រៃវែង ក៏មានការផ្តល់លទ្ធភាព ដល់បងប្អូនអាជីវករដែលមិនមានលទ្ធភាពជួលតូប ខាងគណៈកម្មផ្សារថ្មីនឹងជួយឲ្យអស់លទ្ធភាព សម្រាប់អាជីវករ ជាពិសេសគណៈកម្មការផ្សារថ្មី បានផ្ដល់តូបចំនួន៦០តូប លក់ដូរបន្លែ ត្រីសាច់រួចហើយ ដល់ពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពទិញតូបលក់ដូ ឲ្យបានលក់ដូរអស់មួយជីវិតដោយពុំគិតប្រាក់មួយរៀលឡើយ។

បន្ថែមលើសពីនេះ អាជីវករលក់ដូរនៅផ្សារចាស់ ដែលបានផ្ទេរមកលក់នៅក្នុងផ្សារថ្មី ក្នុងក្រុងព្រៃវែងបានសម្តែងចិត្តសប្បាយរីករាយនិងលើកឡើងថា នៅក្នុងបរិវេណផ្សារថ្មីដែលគាត់មកលក់ដូរនេះ គឺមានសភាពស្រលះ ខ្យល់ត្រជាក់ល្អមាន សោភណ្ឌភាពស្អាត មានអាគារធំទូលាយ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកចូលទិញឥវ៉ាន់ផ្សេងៗនៅក្នុងផ្សារមួយនេះ មិនដូចពីមុនលក់ដូរលើផ្លូវរដ្ឋ ក្រោមឆត្រ័ក្តៅ ត្រូវភ្លៀងខ្យល់ ដែលមានហានិភ័យណាស់សម្រាប់សុខភាពនិងអាយុជីវិត។

ពាក់ព័ន្ធនឹងករណីនេះ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានថ្លែងប្រាប់ឲ្យដឹងថា នៅចំពោះមុខមានក្រុមអាជីវករប្រមាណ៨០ភាគរយ បានយល់ព្រមរើចេញពីដងផ្លូវហើយ គឺនៅសល់តែ២៩នាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម ដែលបញ្ហាប្រឈមគឺអាចមកពីលទ្ធភាពរបស់ពួកគាត់ ឬអាចមកពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនម៉ៅការផ្សារនៅមានកំរិត តែទោះជាយ៉ាងណាក្នុងនាមអាជ្ញាធរខេត្ត លោកនឹងធ្វើការបន្តទៀតជាមួយគណៈកម្មការផ្សារ ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ផ្សេងៗ ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពផ្សារឲ្យបានល្អ ហើយក្រុមអាជីវករក៏អាចទទួលយកបាន៕