(ភ្នំពេញ)៖ គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ផ្លែមៀនស្រស់របស់កម្ពុជាប្រមាណជាង ៦ពាន់តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។
ថ្លែងប្រាប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន នៅតែមានជាបន្ដបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣ នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចំនួន ៣៤០០តោនទៅកាន់ប្រទេសចិន ហើយគិតចាប់ពីការ បើកទីផ្សារនាំចេញផ្លែមៀនមក កម្ពុជាបាននាំចេញផ្លែមៀនស្រស់ជាង ៦ពាន់តោនហើយ។
អ្នកនាំពាក្យរូបនេះបន្ដទៀតថា ក្រសួងកសិកម្មសង្ឃឹមថាការនាំចេញផ្លែមៀនស្រស់នេះ នឹងមាន កំណើនជាបន្ដបន្ទាប់ ដោយសារតែបន្ទាប់ពីបើកទីផ្សារ នាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ ប្រទេសចិនឃើញថា ភាគីចិនមិនត្រឹមតែបានដាក់លក់ផ្លែមៀន តាមទីផ្សារនានាប៉ុណ្ណោះទេ តែ បានដាក់លក់លើទីផ្សារអនឡាញបន្ថែមទៀត ដែលទទួលបានការពេញនិយម និងគាំទ្រពីប្រជា ជនចិន។
កញ្ញាបានបញ្ជាក់ទៀតថា ដើម្បីជំរុញការនាំចេញ ឲ្យបានកាន់តែប្រសើរឡើង ក្រសួងកសិកម្ម, អគ្គនាយកដ្ឋានកសិកម្ម ដែលជាស្ថាប័នជំនាញ នឹងបន្ដការងារជាមួយប្រជាកសិករ ដែលដាំដុះផ្លែ មៀនស្រស់នេះ ធ្វើយ៉ាងណាឲ្យពួកគាត់អនុវត្តន៍ តាមគោលការណ៍អនាម័យ និងភូតគាមអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ព្រោះថា ការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន អាចធ្វើទៅបានលុះត្រាតែ ផ្លែមៀនស្រស់របស់កម្ពុជា មានគុណភាពស្រប់ទៅតាមស្ដង់ដារ ដែលប្រទេសចិនបានកំណត់។
លោក ភក់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មបានថ្លែងឲ្យដឹងថា បន្ទាប់ពីសាកល្បងក្នុងការនាំចេញផ្លែមៀនស្រស់ ទៅកាន់ប្រទេសចិនលើកដំបូងហើយនោះ ក្រុមហ៊ុនគ្រោងនឹងធ្វើការនាំចេញយ៉ាងធំនៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះបន្ថែមទៀត។
សូមជម្រាបថា ផ្លែមៀនស្រស់របស់កម្ពុជា ត្រូវបានសម្ពោធនាំចេញជាផ្លូវការ ទៅកាន់ប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០២២ ដោយការនាំចេញជាលើកដំបូងក្នុងបរិមាណជាង ១ពាន់តោន។ ចំពោះចំការមៀនទទួលបានការអនុម័ត ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិនមានចំនួន៧៤ ក្នុងនៅនៅខេត្តប៉ៃលិនចំនួន៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យ ចំនួន៦ចំការ។
ដោយឡែករោងចក្រវេចខ្ចប់ចំនួន ៨ រួមមាននៅខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្ត ប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ ផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជា មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕