(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណ:កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំបន្ថែមដល់សមាជិកគ្រប់ថ្នាក់គ្រប់ផ្នែកត្រូវបន្តរួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គ និងទប់ស្កាត់នូវរាល់ការបង្ក ចលាចលរបស់ ក្រុមជ្រុលនិយមបំផ្លើសបំផ្លៃប្រវត្តិសាស្រ្ត ក្នុងចេតនាទុច្ចរិតបន្ទុចបង្អាក់ ដល់ការអភិវឌ្ឍប្រទេសជាតិ បន្តបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈឲ្យកាន់តែលឿន ដោះស្រាយរាល់សំណូមពរ លុបបំបាត់ភាពអសកម្ម បន្តពិនិត្យ និងកែលម្អកសាងអំពើល្អ ទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយប្រជាពលរដ្ឋមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
លោកក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យថ្នាក់ដឹកនាំកំពូលគណបក្សជូនចំពោះ ក្មួយៗយុវជន ជាសមាជិក សមាជិកាគណបក្ស និងបងប្អូនជនរួមជាតិទាំងអស់ និងសូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ សមាជិកគណបក្ស កងកម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដី វិស័យសាសនា វិស័យឯកជន អង្គការមហាជន សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសប្បុរសជនទាំងអស់ ដែលបានបន្តខិតខំរួមសាមគ្គី ចូលរួមការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ទប់ស្កាត់បានការ ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ពួកអមិត្ត និងមជ្ឈដ្ឋានជ្រុលនិយម ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានដោយជោគជ័យ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា កម្ពុជាក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន កសាងបាននូវសន្តិភាពពេញលេញ ស្ថិរភាពភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យតាម រយៈមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងភាពប្រាកដនិយមនៃកម្មវិធីនយោបាយកសាង និងការពារជាតិមាតុភូមិរបស់គណបក្ស និងយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសកាន់តែទូលំទូលាយឲ្យប្រជាជនកម្ពុជា ទទួលបាននូវផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយចិរភាព និងសមធម៌ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលសរុបប្រជាជនម្នាក់ៗ (GDP) រហូតដល់ ១៧៨៥ដុល្លារ ឆ្នាំ២០២២ ហើយព្យាករណ៍ថា នឹងកើនដល់ ១៩២៤ដុល្លារ នៅឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះដែរ ក្នុងអង្គសន្និបាតនោះមានបង្ហាញជាផ្លូវការនូវបេក្ខជនទាំង១២រូប(៦រូបជាបេក្ខជនពេញសិទ្ធិ និង៦រូបទៀតបេក្ខជនបម្រុង) ឈរឈ្មោះតំណាងរាស្រ្តនីតិកាលទី៧ មណ្ឌលខេត្តបន្ទាយមានជ័យ ដើម្បីទទួលការគាំទ្រ និងប្រជាប្រិយភាពពីសមាជិក សមាជិកាគណបក្សទាំងអស់ និងប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយជ័យ ក្នុងការដណ្តើមយកប្រៀបឈ្នះលើសលប់សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភានាពេលខាងមុខនេះ៕