(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បាន ផ្តល់អនុសាសន៍៩ចំណុច ដើម្បីជំរុញការផ្តល់សេវាសង្គមឱ្យកាន់តែល្អប្រសើរ ដល់ជនក្រីក្រងាយ រងគ្រោះ កុមារ មនុស្សចាស់ អតីតរាជការស៊ីវិល និងអតីតយុទ្ធជន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម វង សូត ថ្លែងថា ក្នុងការបំពេញភារកិច្ចរបស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្នុងរយៈពេលមួយឆ្នាំកន្លងមក សម្រេចបាននូវលទ្ធផល ជាច្រើន ក្នុងការផ្តល់សេវាសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ កុមារ មនុស្សចាស់ អតីតរាជការ ស៊ីវិល និងអតីតយុទ្ធជន។
ឯកឧត្តម បន្តថា ដើម្បីបន្តភាកិច្ចក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានកាន់តែ ល្អប្រសើរថែមទៀតនោះ លោកបានផ្តល់អនុសាសន៍៩ចំណុចរួមមាន៖
*ទី១៖ ត្រូវពិនិត្យលទ្ធភាពក្នុងការចាត់តាំងមន្រ្តីដែលមានស្រាប់ ដើម្បីបំពេញការងារតាមរចនាសម្ព័ន្ធ ក្រសួង ពិសេសមន្ទីររាជធានី ខេត្ត ដែលត្រូវរ៉ាប់រងការងារជំនួយសង្គមបន្ថែម ដោយមិនត្រូវធ្វើការ បែងចែកមន្រ្តីឱ្យដាច់ដោយឡែកពីគ្នានោះទេ។
*ទី២៖ ត្រូវបន្តរៀបចំនិងដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសារតាមរយៈការធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមបញ្ចូលគ្នារួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសិស្សក្រីក្រនៅតាមភូមិសិក្សាជាដើម ឱ្យបានឆាប់តាមផែនការសកម្មភាពដែលបានកំណត់។
*ទី៣៖ ត្រូវរៀបចំគោលនយោបាយជាតិសង្គមកិច្ច ដើម្បីកំណត់បាននូវចក្ខុវិស័យអទិភាពការងារ និងការទទួលខុសត្រូវតាមផ្នែកនីមួយៗឱ្យបានច្បាស់លាស់។
*ទី៤៖ ជំរុញ និងលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ តាមរយៈការបង្កើនល្បឿននៃការរៀបចំច្បាប់ ស្តីពីកិច្ចការពារកុមារនៅកម្ពុជា ព្រមទាំងពង្រីកកម្មវិធីថែទាំ និងអភិវឌ្ឍកុមារនៅតាមគ្រួសារ សាច់ញាតិ និងសហគមន៍ឱ្យស្របនឹងផែនការជាយុទ្ធសាស្រ្តរបស់ក្រសួង។
*ទី៥៖ ការងារយុវនីតិសម្បទាត្រូវពង្រឹង និងបង្កើនការទទួលអនីតិជនដែលជំនាស់នឹងច្បាប់ចូល ស្នាក់នៅ អប់រំ កែប្រែ ក្នុងបរិមាណមួយសមស្រប តាមសមត្ថភាព និងលទ្ធភាពរបស់មណ្ឌល ព្រម ទាំងពន្លឿនបញ្ចប់បទដ្ឋានគតិយុត្តដែលនៅសេសសល់។ត្រូវបន្តពង្រឹង និងពង្រីកការអនុវត្តកម្មវិធី បង្វែរអនីតិជនទំនាស់នឹងច្បាប់ ដើម្បីធានាដល់ការគោរពសិទ្ធិ និងការពារឧត្តមប្រយោជន៍របស់ អនីតិជន ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
*ទី៦៖ ត្រូវបន្តអភិវឌ្ឍប្រព័ន្ធទិន្នន័យគ្រប់គ្រងជនពិការ ឱ្យបានច្បាស់លាស់ ពង្រឹង និងពង្រីកកម្ម វិធីកំណត់អត្តសញ្ញាណជនពិការតាមបែបគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលជាគ្រឹះក្នុងការអនុវត្ត កម្មវិធីជំនួយសង្គមសម្រាប់ជនមានពិការភាព។
*ទី៧៖ ត្រូវជំរុញវិស័យឯកជន ក្នុងការទទួលយកជនមានពិការភាពចូលបម្រើការងារតាម អត្រាកំណត់។
*ទី៨៖ ត្រូវបន្តផ្តល់របបគោលនយោបាយឧបត្ថម្ភដល់ជនពិការតាមទិន្នន័យដែលទទួលបានឱ្យបានឆាប់រហ័ស។
*ទី៩៖ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអនុវត្តតាមការបែងចែកភារកិច្ច និងរបៀបរបបការងារឱ្យបាន ហ្មត់ចត់។ កសាងសមត្ថភាពមន្រ្តីគ្រប់លំដាប់ថ្នាក់ និងពង្រឹងភាពជាដៃគូជាមួយអង្គការក្នុងស្រុក និងបរទេស ដៃគូអភិវឌ្ឍនានាក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះ និងងាយរង គ្រោះគ្រប់ប្រភេទឱ្យកាន់តែទូលំទូលាយ ស្របតាមតម្រូវការចំពោះមុខ៕