ឯកឧត្តម បណ្ឌិត ជា ចាន់តូ កោតសរសើរ​សមាជិក-​សមាជិកាគណបក្ស គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កំពង់ធំ ដែលខិតខំបំពេញភារ​កិ​ច្ច ដោយការទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន

 (កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍ គណៈ​កម្មាធិការកណ្តាល​គណបក្ស​ប្រជា ជនកម្ពុជា និងជាប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត​កំពង់ធំ បានអញ្ជើញចូលរួមក្នុង សន្និបាតគណៈកម្មធិការគណបក្សខេត្តកំពង់ធំ ដោយក្នុងនោះលោកបានកោតសរសើរ​សមាជិក-​សមាជិកាគណបក្ស គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ដែលខិតខំបំពេញភារ​កិ​ច្ច ដោយការទទួល ខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន។

ការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ធ្វើឡើងក្នុងពិធីបើកសន្និបាតគណៈកម្មាធិការគណបក្ស ខេត្តកំពង់ធំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ធ្វើឡើងនៅ​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម ជា ចាន់តូ បានស្នើដល់សន្និបាតតាំងមូល​ឲ្យបន្តយកចិត្តចិត្តទុកដាក់ ចំពោះភារកិច្ច សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោត ជាប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងគោលការណ៍សម្តេចក្រឡាហោមដែលបានលើកឡើងឲ្យល្អ។

ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ និងបានកោតសរសើរ​ដោយ​ស្មោះចំពោះ​សមាជិក-​សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ដែល​បាន​​ខិត​ខំ​បំពេញភារ​កិ​ច្ច​ប្រកប ដោយការទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន ជាពិ​សេស​​ក្នុងការ​បោះ​​ឆ្នោត​​ជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០​២២ កន្លងទៅនេះរហូតទទួល​បាន​ជោគជ័យ។

ក្នុងនោះឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណ បក្សខេត្តកំពង់ធំ បានថ្លែងក្នុងជំនឿថា សន្និបាតគណៈកម្ម ធិការគណបក្សខេត្តកំពង់ធំនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវាយតម្លៃលើការងារសំខាន់ៗ និងការកំណត់ដាក់ចេញ នូវទិសដៅការងារ ដែលមានចរិតជាយុទ្ធសាស្ត្រ សម្រាប់អនុវត្តបន្តទៀត ពិសេសការតម្រង់ឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះឲ្យទទួល ជ័យជម្នះតាមផែនការ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ឆ្លងកាត់ការវាយតម្លៃ និងការដកពិសោធន៍លទ្ធផល នៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ ឆ្នាំ២០២២ កន្លងមកនេះ រួមនឹងចំណុចខ្វះខាត ក្រុមការងារគ្រប់ថ្នាក់ គ្រប់កំរិត រួមផ្សំ ជាមួយក្រុមការងារពិសេស និងក្រុមការងារយុវជនគ្រប់ថ្នាក់បានយកចិត្តទុកដាក់ ក្នុងការកសាង ពង្រឹងកំលាំងមូលដ្ឋា តាមរយៈការគៀងគរកំលាំងថ្មី តាមគ្រប់រូបភាព ហើយតាមការសង្កេត ជារួម បងប្អូនប្រជាពលរដ្ឋបានចូលរួមជ្រើសរើស យកគណបក្សប្រជាជនកម្ពុជា ដើម្បីរួមរស់ជីវភាព នយោបាយ។ ជាក់ស្ដែងយើងបានធ្វើការប្រកាសបញ្ចូលជាបន្តបន្ទាប់ និងនៅតែធ្វើការប្រកាស បន្តទៀត ដែលបរិមាណបន្ថែមថ្មីនេះបានបំពេញតាមសន្ទស្សន៍ ដែលគណៈកម្មាធិការកណ្តាល បានដាក់ចុះ៕