(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមេសានេះបានចេញប្រកាសព័ត៌មាន ដោយ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ នេះបើតាម សេចក្តីជូនព័ត៌មានដែលទទួលបាន។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាស ធាតុក្តៅខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសាក លលោក។ បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណ ជាង ៣៥៦ ០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ។ ដូច្នេះកំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។
បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ ចំណុចសំខាន់ៗ ដែលប៉ះពាល់ដល់សមត្ថភាពរាងកាយ របស់អ្នកក្នុងការធ្វើឱ្យខ្លួនអ្នកត្រជាក់ក្នុ ងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង គឺនៅពេលមានកំដៅខ្លាំងបណ្ដាលឱ្យអ្នកបែកញើសច្រើន នឹង មិនរំហួតលឿននោះទេ នេះមានន័យថា កំដៅរារាំងរាងកាយរបស់អ្នក ពីការបញ្ចេញកំដៅឱ្យបាន លឿន តាមដែលវាត្រូវការ ហើយក៏មានកត្តាបុគ្គលផ្ទាល់ខ្លួនរួមផ្សំជាមួយដែរ គឺបុគ្គលដែលមាន អាយុតិច និងមនុស្សចាស់ បុគ្គលដែលធាត់ គ្រុនក្តៅ ខ្សោះជាតិទឹក ជំងឺបេះដូង ជំងឺផ្លូវចិត្ត ឈាមរត់ មិនល្អ ការរលាកស្បែក និង ការប្រើប្រាស់គ្រឿងស្រវឹង។
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជាពិសេសប្រជាជន ដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង សូមចូល រួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកំដៅក្ដៅខ្លាំងមានដូចជា៖ បែកញើសខ្លាំងពេកខុសពី ធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ និង/ឬក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរ ក្បាលជាដើម។ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកឲ្យបានល្អ និងចៀសផុតពី បញ្ហាសុខភាពដែល អាចកើតមានជាយថា ហេតុបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ សូមអនុវត្ត នូវវិធីសាស្ត្រសាមញ្ញាៗ រួមមាន៖
១៖ ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសារទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹក ដាំពុះតែទុកឱ្យត្រជាក់ (ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អឱ្យបានច្រើន និងញឹកញាប់លើសពី ២លីត្រក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងការរាករូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួនប្រាណស្អាត និងអនាម័យចំណីអាហារល្អផងដែរ។
២៖ ចៀសវាងការពិសាភេសជ្ជៈ ដែលបណ្ដាលឱ្យជាតិទឹក នៅក្នុងរាងកាយថយចុះ មានដូចជា៖ ពិសាគ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។
៣៖ សូមកុំពិសាប្រៃ និងផ្អែម ដោយកាត់បន្ថយការទទួលទានជាតិអំបិល និងជាតិស្ករច្រើន។ ពិសារផ្លែឈើដែលសម្បូរជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។ ចៀសវាងអាហារ ដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និងជាតិខ្លាញ់ខ្ពស់។
៤៖ ស្លៀកសម្លៀកបំពាក់ជួយការពារកំដៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ ដូច ជាស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេលាបស្បែកការពារកំដៅថ្ងៃ ជាជំនួយ និងពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រ ធ្វើជារបាំងការពារកម្ដៅថ្ងៃ ហើយឱស្សាហ៍ ផ្លាស់ប្តូរសម្លៀកបំពាក់ ប្រសិនបើវាសើមខ្លាំង។
៥៖ ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ធ្វើឱ្យមានកំដៅឡើងបន្ថែម។
៦៖ ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក (ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកំដៅ ព្រះអាទិត្យ) និងកាត់ បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងផ្ទះច្រើនពេក និងយូរពេក ដើម្បីកាត់ បន្ថយកំដៅចូលក្នុងផ្ទះ។
៧៖ ប្រើកន្សែងសើមជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក។
៨៖ ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរ សីតុណ្ហភាពខ្លាំង គឺចៀស វាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកំដៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្ស វ័យចាស់ ឬកុមារ។
៩៖ ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះ សម្រាប់ព្រឹកព្រលឹម បើអាចធ្វើបាន ឬ ពេលល្ងាចនៅពេលដែលសីតុណ្ហភាពក្ដៅ មានការថយចុះមកត្រជាក់ ចៀសវាង សកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះ អាទិត្យក្តៅបំផុត។ ហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខ ខណ្ឌអាកាសធាតុក្ដៅ។
១០៖ ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការដោយសុវត្ថិភាព នៅក្នុងកំដៅដែលអាចទ្រាំទ្របាន ធ្វើការសន្សឹមៗ កុំប្រញាប់ប្រញាល់ ដែលមានការចំណាយ កម្លាំងច្រើន ដោយគំហុកភ្លាមៗហើយក្តៅខ្លាំង។
១១៖ ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ ឬ ទីតាំងដែលត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថា រាង កាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកំដៅក្នុងកម្រិតណាមួយ។
១២៖ ពឹងផ្អែកតែលើកង្ហារជាឧបករណ៍ ធ្វើឱ្យត្រជាក់ជាចម្បងរបស់លោកអ្នក អំឡុងពេលមានកំដៅ ខ្លាំង ត្រូវប្រើមធ្យោបាយផ្សេងៗ ដើម្បីបន្ថយកំដៅ។
១៣៖ កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ-វានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។
១៤៖ សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរង គ្រោះដោយសារ អាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់អាយុចាប់ពី ៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយ យ៉ាងតិចណាស់ ២ដង ក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាស ធាតុក្តៅ សូមកុំទុកពួកគាត់ចោល ដោយមិនបានអើតមើលពួកគាត់។
១៥៖ ប្រសិនបើមានរោគសញ្ញាដូចជា៖ វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើរ ជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី២-៥នាទី ហើយពិសាទឹកត្រជាក់យឺតៗ កុំបន្តសកម្មភាពពីព្រោះអាចមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាត នូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នក មិនមានអារម្មណ៍ធូរស្រាល។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាព ឬសង្ស័យថាមានជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះ នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខា ភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕