ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​ លើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យហេដ្ឋារចនា សម្ព័ន្ធជាវិស័យអាទិភាព និងជាតម្រូវការចាំបាច់

 (ក្រចេះ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាវិស័យអាទិភាព និងជាតម្រូវការចាំបាច់ដ៏សំខាន់មួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង និងទឹក ដែលបានកំណត់ នៅក្នុង យុទ្ធសាស្ត្រ ចតុកោណ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ ទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង ឆ្លើយតបទៅនឹងការ រីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ​របស់ប្រទេសជាតិ។

លោកជំទាវម៉ែន សំអន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ នាឱកាស តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានលើក កម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក និងដោយមានការចូលរួមពីលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឱ្យដឹងទៀតថា គម្រោងលើកកម្រិត និងជួសជុល ថែទាំខ្សែផ្លូវទាំង៣នេះ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់ ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បន្ទាប់ពីការប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីដើមឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី។

លោកជំទាវ បានបន្ថែមទៀតថា យើងពិតជាមិនអាចបំភ្លេចបានពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ការទទួលបាននូវសុខសន្តិភាព និងការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ គឺបានមកពីការយក អាយុជីវិតធ្វើជាដើមទុន ការធ្វើពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំតស៊ូរហូតរំដោះប្រទេសជាតិ ចេញពីរបបខ្មៅងងឹត ដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោយរួចផុតពីរបប ប៉ុលពត និងការបញ្ចប់សង្គ្រាមផ្ទៃក្នុងតាមរយៈនយោបាយឈ្នះឈ្នះ យើងបាន ខិតខំប្រឹងប្រែងស្ដារ និងកសាងប្រទេសជាតិឡើងវិញ ដោយបានប្រែក្លាយទឹកដីដែលធ្លាប់ជាវាល ពិឃាត និងសមរភូមិនៃសង្គ្រាមទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព សេរីភាព ប្រជាធិប តេយ្យ និងនីតិរដ្ឋ ព្រមទាំងបានបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍ ដោយទទួលបានវឌ្ឍន ភាពរីកចម្រើនឥតឈប់ឈរ ដូចដែលយើងទាំងអស់គ្នាបានឃើញនាពេលបច្ចុប្បន្ននេះ។

បន្ថែមពីនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយការលើកកម្រិត និងជួសជុលថែទាំត្រូវបានបញ្ចប់ កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ ៣៧៧ និង៣៧៧Aនេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខេត្ត ក្រចេះ ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទាំងការធ្វើដំណើរទៅមកប្រចាំថ្ងៃផង និងទាំង ការដឹកជញ្ជូនទំនិញកសិផលផ្សេងៗផង ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅ តំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នាផងដែរ។

ជាមួយគ្នានោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបានជួយពន្លឿនដល់ការរៀបចំនីតិវិធី ដើម្បីជំរុញគម្រោងនេះឱ្យលេចចេញជារូបរាងឡើង និងបានស្នើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ ស្របតាមស្ដង់ដារបច្ចេក ទេស និងប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការបង្ហូរ នូវកាកសំណល់ធ្វើឱ្យប៉ះពាល់ដល់ទីជម្រកត្រីផ្សោតទន្លេមេគង្គ​ និងស្នើសុំការយោគយល់ អធ្យា ស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ៕