(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ រយៈពេល៣ខែ ដើមឆ្នាំ២០២៣ នៅទូទាំងរាជធានីភ្នំពេញ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន ៥១លើក កើនឡើង ១៧ករណី បើធៀបនឹងរយៈពេល ៣ខែដូចគ្នា នៅដើមឆ្នាំ២០២២ ដែលមានចំនួន ៣៤ករណីតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះ បានគូបញ្ជាក់ថា សម្រាប់ករណីគ្រោះអគ្គិភ័យនេះភាគច្រើនកើតឡើងដោយ សារតែការប្រើប្រាស់ចរន្តអគ្គីសនី ខុសលក្ខណៈបច្ចេកទេស ព្រមទាំងករណីធ្វេសប្រហែស ភ្លើង ទាន ភ្លើងធូប ជាដើម។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីគ្រោះអគ្គិភ័យ រយៈ ពេល៣ឆ្នាំ ដើមឆ្នាំ២០២៣នេះ បើយើងធៀបមើលទៅនឹង៣ខែ ដើមឆ្នាំ២០២២ យើងឃើញថាអត្រា នៃការកើតគ្រោះអគ្គិភ័យ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុង៣ខែ ដើមឆ្នាំ២០២៣នេះ ករណី អគ្គិភ័យ គឺកើតឡើងរហូតដល់ ៥១លើក ស្របពេលដែលនៅ៣ខែ ដើមឆ្នាំ២០២២ មានតែ៣៤លើក ទេ អ៊ឹចឹង ៣ខែ ឆ្នាំ២០២៣ បើយើងធៀបនឹង៣ខែ ឆ្នាំ២០២២ គឺមានការកើនឡើង១៧ករណី»។
ទាក់ទងនឹងករណីគ្រោះអគ្គិភ័យនេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានថ្លែងថា កម្លាំងនៃ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចេញប្រតិបត្តិ ការសង្គ្រោះបានទាន់ពេលវេលា ប៉ុន្តែទោះជាយ៉ាងណាក្នុងករណីមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ហើយ គឺតែងតែមានការខូចខាទ្រុងទ្រាយតូច និងធំ ដោយសារតែស្ថានភាពនៃការសង្គ្រោះ ជាក់ស្តែង។
ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងខែក្តៅនេះសូមចូលរួមធ្វើការប្រុងប្រយ័ត្នឱ្យ បានខ្ពស់ទាក់ទងនឹងបញ្ហាអគ្គិភ័យនេះ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធឆាប់ៗនេះ នៅពេលដែលអុជធូប ទាន ឬក្រដាស់សែនផ្សេងៗ សូមប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់ករណីកើតឡើងគ្រោះអគ្គិភ័យណាមួយជាយថាហេតុ៕