ក្រិក៖ ខ្សែរថភ្លើងដែលបានជួបឧបទ្ទវហេតុផ្តាច់ជីវិតមនុស្ស ៥៧នាក់កាលពីជាងមួយខែមុន បានចាប់ផ្តើមដំណើរការឡើងវិញហើយនៅថ្ងៃចន្ទនេះ

 (អាថែន)៖  យោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ AFP  នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣ គឺ ប្រាំសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតរបស់ប្រទេស ក្រិក ដែលបានឆក់យកជីវិតមនុស្ស​ ៥៧នាក់ សេវាផ្នែកខ្លះបានដំណើរការឡើងវិញហើយនៅថ្ងៃចន្ទ ទី៣មេសានេះ នៅលើខ្សែរថភ្លើងសំខាន់មួយដែលតភ្ជាប់ទីក្រុងអាថែន និងក្រុង Thessaloniki ដែលជាទីក្រុងធំទីពីររបស់ប្រទេស។

ផ្លូវ​នេះ​ជា​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ រវាង​រថភ្លើង​ដឹក​ទំនិញ និង​រថភ្លើង​ដឹក​អ្នក​ដំណើរ​ជាង ៣៥០​នាក់ ដែល​ភាគ​ច្រើន​ជា​និស្សិត​ក្មេងៗ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការតវ៉ាដ៏ខឹង សម្បារជាច្រើនសប្តាហ៍ ហើយនឹងមានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់ការបោះឆ្នោតសកល ខែឧសភា ខណៈដែលនាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis កំពុងស្វែងរកការរក្សាតំណែង របស់ខ្លួន។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់អ្នកដំណើរ រដ្ឋមន្ត្រីដឹកជញ្ជូន លោក Giorgos Gerapetritis បានឡើងជើងរថភ្លើងដំបូងនៅថ្ងៃចន្ទនេះ ជាមួយនឹងប្រធានក្រុមហ៊ុនដឹកជញ្ជូន Network Rail Corporation (OSE) និងអ្នកតំណាងក្រុមហ៊ុនរថភ្លើងឯកជន Hellenic Trains ។

លោក Gerapetrits បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «កាតព្វកិច្ចរបស់យើងគឺត្រូវមានសេវាផ្លូវដែក ដែលស្របតាមការរំពឹងទុករបស់មនុស្សគ្រប់គ្នា ដែលជាសេវាកម្មផ្លូវដែកទំនើបដែលអាចអភិវឌ្ឍ និងស្ថិតក្នុងចំណោមល្អបំផុតនៅអឺរ៉ុប»

លោកបានសង្កត់ធ្ងន់ថា «វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ប៉ុន្តែវាក៏ជាបំណុលដែលយើងជំពាក់ដល់ជនរងគ្រោះ នៃឧបទ្ទវហេតុដ៏សោកនាដកម្មនេះដែល ជីវិតរបស់ពួកគេត្រូវបានបាត់បង់ដោយអយុត្តិធម៌»