យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ចូលរណ្តៅទីគោរពបូជាសាសនា ហិណ្ឌូមួយក្នុងប្រទេសឥណ្ឌា


(ញូវដែលី)៖
  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់អ្នកបូ ជាសាសនាចំនួន ១៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីពួកគេ បានធ្លាក់ចូលទៅក្នុងអណ្ដូងនៅទីគោរពបូជាសាសនាហិណ្ឌូមួយក្នុងប្រទេសឥណ្ឌា។

លោក Narottam Mishra ជាអាជ្ញាធរតំបន់បានប្រាប់អ្នកយកព័ត៌មានថា «ប៉ូលីសបានរកឃើញ សាកសពចំនួន ១១នាក់ពីអណ្តូង ហើយមនុស្ស ២នាក់បានស្លាប់ដោយសាររបួសនៅពេលបញ្ជូន ដល់មន្ទីរពេទ្យ»។

លោក Mishra បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងចំពោះឧបទ្ទវហេតុនេះ ហើយ ក្រុមគ្រួសារនៃអ្នកស្លាប់នឹងត្រូវបានផ្តល់សំណង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត នៅឡើយ ហើយអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាលដើម្បីព្យាបាល។ ប្រាសាទនានាទូទាំងប្រទេសឥណ្ឌាបានពោរពេញដោយអ្នកគោរពបូជាក្នុងឱកាសពិធីបុណ្យ Ram Navami ដែលជាខួបកំណើតរបស់ព្រះអម្ចាស់រ៉ាម៉ា៕