រុស្ស៉ីថា នៅតែបន្តភាពជឿនលឿនទៅមុខក្នុងទីក្រុង Bakhmut ខណៈអង់គ្លេសថារុស្ស៉ីបាត់បង់ រថក្រោះជាច្រើនគ្រឿង


(កៀវ)៖  យោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣​ អោយដឹងថា មន្រ្តីលើកបន្តុបដោយរុស្ស៉ីនៅថ្ងៃអង្គារនេះបាននិយាយថា កងកម្លាំង របស់ខ្លួននៅតែបន្តភាពរីកចម្រើនទៅមុខក្នុងទីក្រុងបាកមូត (Bakhmut) ភាគខាងកើតអ៊ុយក្រែន ដោយការទម្លាក់ គ្រាប់បែក ប៉ុន្តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេសអះអាងថា កងពល រថក្រោះរុស្ស៉ីទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងក្បែរខាងអៅឌីវកា (Avdiivka)។

លោក ដេនីស ពូស៉ីលីន (Denis Pushilin) មន្រ្តីគ្រប់គ្រងផ្នែកដែលរុស្ស៊ីកាន់កាប់នៃតំបន់ដូណេត បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនភាគច្រើនបានដកថយចេញពីរោងចក្រអាហ្សូម (AZOM) ដែលស្ថិតនៅភាគខាងលិចនៃទន្លេបាកមូតកា (Bakhmutka) ក្នុងទីក្រុងបាកមូត។ ទីបញ្ជាការយោធារបស់អ៊ុយក្រែន ទទួលស្គាល់ថា កងកម្លាំងរុស្ស៉ីបន្តធ្វើការវាយលុកនៅបាកមូត ពិតមែន ប៉ុន្តែកងកម្លាំងរបស់ខ្លួនកំពុងតស៊ូវាយទប់ទល់ទៅវិញយ៉ាងខ្លាំង។

ដោយឡែក នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនអំពីសង្រ្គាមនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍ នេះ ក្រសួងការពារជាតិរបស់អង់គ្លេស បានគូសបញ្ជាក់ថា កងកម្លាំងរុស្ស៉ីសម្រេចបានជោគជ័យ តិចតួចប៉ុណ្ណោះ ក្នុងការប៉ុនប៉ងឡោមព័ទ្ធទីក្រុងអៅឌីវកា នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយ បានបាត់បង់រថពាសដែក និងរថក្រោះជាច្រើនគ្រឿង៕