(សេអ៊ូល)៖ យោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការបង្កើនការផលិតសម្ភារៈសម្រាប់ផលិត អាវុធនុយក្លេអ៊ែរ ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន ជាមួយការសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាង គួរតែ ត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរគ្រប់ពេលវេលា នៅក្នុងករណីចាំបាច់។
ការកត់សម្គាល់របស់ លោក គីម ខាងលើនេះ ធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង ដែលរួមមានអាវុធនុយក្លេអ៊ែរតាក់ទិកថ្មីៗ និងបច្ចេកវិទ្យាសម្រាប់ដំឡើង ក្បាលគ្រាប់ នុយក្លេអ៊ែរលើមីស៉ីលផ្លោង ក៏ដូចជាពិនិត្យមើលផែនការប្រតិបត្តិការវាយប្រហារដោយនុយក្លេអ៊ែរ ផងដែរ។
លោក គីម បានគូសបញ្ជាក់ថា «សត្រូវនៃកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនមែនជាក្រុម ជាក់លាក់ ឬរដ្ឋណាមួយនោះទេ ប៉ុន្តែគឺជាសង្គ្រាម និងគ្រោះមហន្តរាយនុយក្លេអ៊ែរបំផ្លាញខ្លួន ហើយ គោលនយោបាយពង្រីកឃ្លាំងអាវុធរបស់កូរ៉េខាងជើង គឺសំដៅតែការពារប្រទេស សន្តិភាព និង ស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ»៕