ក្រសួងអប់រំ ប្រកាសពីការឈប់សម្រាក ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយុ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


 (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ពីការឈប់សម្រាកក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយុ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែល ទទួលបាននៅ ថ្ងៃទី២៣ ខែមីនានេះ។

ក្រសួងអបរំបានបញ្ជាក់ថាខណៈដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងដើម្បីជាការចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍ខាងលើក្រសួងសូមណែនាំមានដូចជា៖

១៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣

២៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមការគួរ។

៣៖ គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣៕