សម្ដេចពិជ័យសេនា ទៀ បាញ់ បន្ដជំរុញការសាងសង់ភូមិកីឡា និងការរៀបចំទីលានប្រកួតគ្រប់ ប្រភេទកីឡា


 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបន្ដយកចិត្តទុកដាក់ និងខ្វល់ខ្វាយជានិច្ច ចំពោះហេដ្ឋារចនាសម្ព័ន្ធសេសសល់ ពិសេសការ សាងសង់ភូមិកីឡា ដោយសម្ដេចបានជំរុញឲ្យបានរួចរាល់តាមផែនការ នៅត្រឹមដំណាច់ខែមីនានេះ ។ការជំរុញនេះ បន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំប្រតិភូ អមដំណើរដោយ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ចុះត្រួតពិនិត្យដំណើរការសាងសង់ភូមិកីឡា និងការបំពាក់ឧបករណ៍ ក៏ដូចជាគ្រឿង បរិក្ខាបច្ចេកទេសផ្សេងៗ នៅតាមទីលានមួយចំនួន ក្នុងពហុកីឡដ្ឋានជាតិមរកតេជោ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែង ក្រោយការអញ្ជើញត្រួតពិនិត្យ និងដឹកនាំកិច្ចប្រជុំថា សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចុះ ពិនិត្យមើលដំណើរការសាងសង់ភូមិកីឡាចំនួន ៣លើកមកហើយ ហើយសម្តេចពិជ័យសេនាតែង តែបានណែនាំវឌ្ឍនភាពការងារជាប្រចាំ ដើម្បីជំរុញឱ្យដំណើរការសាងសង់ភូមិកីឡាបានរួចរាល់ តាមពេលវេលាដែលបានកំណត់។

ឯកឧត្តម ថា «ជារួមនៅថ្ងៃទី៣១ ខែមីនានេះ សម្តេចពិជ័យសេនា បានកំណត់ថា ធ្វើបានប៉ុណ្ណាយក ប៉ុណ្ណឹង ដើម្បីត្រៀមការរៀបចំតុបតែងលម្អ បំពាក់សម្ភារៈ ឧបករណ៍ដល់បន្ទប់ស្នាក់នៅ សម្រាប់ ក្រុមប្រតិភូ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិអាស៊ាន ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី០៥-១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការស្នាក់នៅក្នុងភូមិកីឡា ដែលត្រូវទទួលអត្តពលិកចន្លោះពី ៦ពាន់នាក់ទៅ ៧ពាន់ នាក់ ហើយក្នុង១ថ្ងៃៗ អាចទទួលការស្នាក់នៅចន្លោះពី ៤ពាន់នាក់ ទៅ ៦ពាន់នាក់ ដែលត្រូវ សម្រាក និងទទួលទានអាហារ នៅទីនេះ»។

ប្រតិបត្តិករកីឡាឆ្នើមកម្ពុជាដដែលបន្ដថា «ឥឡូវនេះ យើងឃើញថា សម្តេចពិជ័យសេនា ទៀ បាញ់ បានយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាខ្វល់ខ្វាយយ៉ាងច្រើនលើដំណើរការសាងសង់ភូមិកីឡានេះ ដោយ សម្តេចប្រធាន CAMSOC បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមកម្លាំងគ្នាគាំទ្រឱ្យដំណើរការ សាង់សង់នេះ បានរួចរាល់តាមផែនការ។ ដូច្នេះ ការងារនេះយើងនឹងពិនិត្យមើល និងវាយតម្លៃចុង ក្រោយ ត្រឹមដំណាច់ខែមីនានេះតែម្តង»

ក្រៅពីនេះ សម្ដេចពិជ័យសេនា ក៏បានចុះត្រួតពិនិត្យមើលទីលានប្រកួតនានា ដោយក្រុមអ្នកផ្គត់ផ្គង់ បំពាក់សម្ភារបច្ចេកទេស ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើងនៅទីលានក្នុងសាលប្រកួតនីមួយៗឲ្យបានគ្រប់ គ្រាន់ និងស្របតាមស្តង់ដារជាដើម។ ក្នុងនោះមានទីលានវាយសី អាងហែលទឹកនៃពហុកីឡដ្ឋាន ជាតិមរតកតេជោ គឺបានបំពាក់ប្រព័ន្ធឧបករណ៍បានរួចរាល់ហើយ ។ រីឯការរៀបចំតុបតែ បំពាក់ ឧបករណ៍គាំទ្រនៅទីលានផ្សេងៗទៀត នឹងត្រូវរៀបចំជាបន្ដបន្ទាប់ មុន និងក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលតាមគម្រោងនៃពេលវេលាឲ្យទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ៕