(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅត្រកូលក្បត់ជាតិ សម រង្ស៉ី ក្នុងនាមជាមនុស្សត្រូវតែច្បាស់លាស់ជាងក្មេង ហើយបើមិនច្បាស់ទេ ត្រូវសួរសាលាឱ្យច្បាស់ ប្រយ័ត្នខ្មាសក្មេង។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងភ្ជាប់ជាមួយវីដេអូរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ពីអន្ថន័យនៃលិខិតដែលបានផ្ញើជូនសម្តេច កាលពី ៣០ឆ្នាំមុន ដើម្បីសុំចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ បានថ្លែងបកស្រាយលំអិតលើខ្លឹមសារ សំបុត្រ ដែលលោកបានសរសេរផ្ញើជូនសម្តេចតេជោ កាលពី៣០ឆ្នាំមុន ដើម្បីសុំចូលរៀននៅសាលា បណ្ឌិតសភាយោធាអាមេរិក។
ការបង្ខំចិត្តចេញបកស្រាយខ្លឹមសារនៅក្នុងសំបុត្រនេះ បន្ទាប់ពីត្រកូលក្បត់ជាតិ សម រង្ស៉ី បានយក ខ្លឹមសារសំបុត្រនោះធ្វើជាមូលដ្ឋានវាយតម្លៃថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរៀននៅសាលា បណ្ឌិតសភាយោធាអាមេរិក ក្រោមកិច្ចអន្តរាគមន៍ មិនពឹងលើសមត្ថភាពរបស់ខ្លួន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអស់សំណើចជាខ្លាំងចំពោះភាពល្ងង់ខ្លៅរបស់ ត្រកូលក្បត់ជាតិ សម រង្ស៉ី ជាអ្នកនយោបាយវ័យចំណាស់ អួតសុទ្ធតែជាបញ្ញវន្ត បែរជាអានមិនយល់ ខ្លឹមសារសំបុត្ររបស់ក្មេងវ័យ១៦ឆ្នាំ។
ជាមួយនឹងការហួសចិត្តចំពោះភាពល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី ហើយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពន្យល់មួយឃ្លាម្តងៗលើខ្លឹមសារសំបុត្ររបស់លោកផងដែរ។
ឃ្លាថា «នៅសាលាទាហ៊ានអាមេរិកពិបាកចូលរៀនណាស់ ព្រោះភាគច្រើនចូលរៀនបាន គឺជាអាមេ រិកាំង» ឯកឧត្តមបណ្ឌិត បានពន្យល់ថា សាលាបណ្ឌិតសភាយោធាអាមេរិក មិនងាយនឹងចូលរៀន នោះឡើយ។ ក្នុងមួយឆ្នាំមានសិស្ស ១២,០០០នាក់ ទៅ ១៥,០០០នាក់ បានដាក់ពាក្យ ហើយអ្នក ជាប់តែ ១,២០០នាក់ប៉ុណ្ណោះ គឺមិនបាន ១០ភាគរយនោះនៃអ្នកដាក់ពាក្យនោះទេ។ ក្នុងចំណោមអ្នកជាប់ ១,២០០នាក់នេះ មានសិស្សបរទេសប្រមាណ ២០នាក់ប៉ុណ្ណោះ មិនដល់ ២ភាគរយនោះទេ។ ក្នុងជំនាន់ដែលលោកបណ្ឌិតចូលរៀន មានតែ៧នាក់ប៉ុណ្ណោះ នៃសិស្សបរទេស ដែលបានប្រលងចូលជាប់ ក្នុងនោះមានខ្មែរមួយរូបដែរ គឺរូបលោក។ ហ្នឹងហើយដែលគេហៅ ថាលំបាក។
ឃ្លាថា «ជនបរទេសទាល់តែដាក់ដឺម៉ង់ពិសេស» លោកបណ្ឌិត បានពន្យល់ថា ជនបរទេសដាក់ ពាក្យអត់ដូចជនជាតិអាមេរិកាំងនោះទេ គឺដាក់ពាក្យតាមទូតអាមេរិកាំងនៅក្រៅប្រទេស។ ដោយឡែកជនជាតិអាមេរិកាំង ដាក់ពាក្យត្រង់ទៅសាលាតែម្តង។ សម្រាប់ជនបរទេសគ្មានសិទ្ធិដាក់ត្រង់ទៅសាលាទេ គឺត្រូវដាក់តាមស្ថានទូតអាមេរិកប្រចាំប្រទេសរបស់ខ្លួន។
កូនខ្មែរដំបូងគេបានរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិករូបនេះ បានបញ្ជាក់ទៀតថា លក្ខខណ្ឌនៃការចូលរៀន គឺត្រូវប្រលង។ ក្នុងនោះសម្រាប់ជនជាតិអាមេរិកាំង ត្រូវប្រលងពីរវិញ្ញា សារ រួមមាន ការប្រលងចំណេះដឹងទូទៅ និងប្រលងកីឡា។
សម្រាប់សិស្សបរទេស ត្រូវថែមវិញ្ញាសារភាសាមួយទៀត។ ដូច្នេះសិស្សបរទេសត្រូវប្រលងវិញ្ញសារ ចំនួន៣ រួមមានអង់គ្លេស ចំណេះដឹងទូទៅ និងកីឡា។ បន្ទាប់មកទើបគេយកពិន្ទុទៅបូកសរុបចូលគ្នា ហើយយកទៅប្រៀបធៀបជាមួយសិស្សដទៃទៀត ទើបជ្រើសរើសយក ១,២០០នាក់ ហើយសិស្សបរទេសមិនឱ្យលើសពី២០នាក់ ហើយក្នុងជំនាន់ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សិស្សបរទេសបានតែ ៧នាក់ប៉ុណ្ណោះ។
ឃ្លាថា «តាមអ៊ំប្រុសនិយាយចូលរៀនបានទាល់តែមានអ្នកជួយជាថ្នាក់ឧត្តមសេនីយ៍ ឬនៅក្រៅ ប្រទេសជាទូតក៏បាន» ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សិស្សដែលដាក់ពាក្យ ចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិកនេះបាន ទោះបីពូកែយ៉ាងណាក៏ដោយ នឹងមិនអាច ជាប់បញ្ជីសម្រាំងដំបូងនោះឡើយ បើគ្មានការជួយធានា។ ការធានានេះ សម្រាប់ជនជាតិអាមេរិក ត្រូវមានមន្ត្រីរបស់អាមេរិក សម្រាប់ជនបរទេស ត្រូវមានស្ថានទូតអាមេរិក ជាអ្នកធានា។ បើមិនមានអ្នកធានាឱ្យដាក់ពាក្យទេ ទោះបីពូកែយ៉ាងណា ក៏គេមិនរើសនោះឡើយ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ជនជាតិអាមេរិក អ្នកមានសិទ្ធិធានារួមមាន អនុប្រធានាធិបតីអាមេរិក អាចធានា ៥នាក់ បន្ទាប់មកមានសមាជិកសភា និងព្រឹទ្ធសភាអាមេរិក ហើយក្នុងក្របខណ្ឌយោធា មាននាយទាហានជាន់ខ្ពស់ ប្រធានអង្គភាព ឬនាយទាហានជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ផ្សេងៗទៀត។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា អាជួយហ្នឹង គឺជួយអ៊ីចឹង គឺជួយធា នាឱ្យដាក់ពាក្យ»។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា សម្រាប់សាលាបណ្ឌិតសភាយោធា អាមេរិកនេះ ការប្រលងចូល គឺជារឿងលំបាកមួយហើយ តែកាន់លំបាកថែមទៀតនោះ គឺប្រលង ចូលហើយរៀនមិនបានចប់។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ក្នុងចំណោមសិស្សដែលប្រលងជាប់ប្រមាណ ១,២០០នាក់នេះ ពេលរៀនមានអ្នកធ្លាក់ និងបោះបង់ការសិក្សាប្រមាណ ១៥ភាគរយ ទៅ ២០ភាគរយថែមទៀត ទទួលសញ្ញាបត្របានតែ ៨០ភាគរយ ទៅ ៨៥ភាគរយប៉ុណ្ណោះ។ នៅជំនាន់លោករៀននោះ អ្នក ទទួលសញ្ញាបត្រមានតែ ៧៧ភាគរយប៉ុណ្ណោះ ពោលអ្នកទទួលបានសញ្ញាបត្រមានតែ ៩៣៤នាក់។
ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រាប់ទៅជនត្រកូលក្បត់ជាតិ សម រង្ស៉ី ទៀតថា បើចង់ដឹងសមត្ថភាព របស់ឯកឧត្តមពិតប្រាកដ កុំផ្តោតតែរឿងចូលរៀន ប៉ុន្តែអាចទៅរកព័ត៌មានប្រវត្តិសិក្សារបស់ ឯកឧត្តមនៅក្នុងសាលារយៈពេល ៤ឆ្នាំ តើ លោករៀនបានចំណាត់ថ្នាក់លេខប៉ុន្មាន?
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកដូច្នេះ «បើហ៊ានយើងបបួលគ្នាភ្នាល់ ខ្ញុំនឹងដឹកដៃគាត់ទៅសុំ សាលាមើលទាំងអស់គ្នា តើ ហ៊ុន ម៉ាណែត រៀនបានលេខប៉ុន្មាននៅក្នុងសាលាអាមេរិកាំងដែល លំបាកនេះ តើ ហ៊ុន ម៉ាណែត រៀននៅកន្ទុយគេ ធ្លាក់ផង អីផងអត់? តែហ៊ានភ្នាល់ជាមួយខ្ញុំ បើពិត ជាឃើញហើយខ្ញុំមិនចុងប៉ូច ខ្ញុំរៀនបានពិន្ទុល្អ មិនចាញ់គេ មិនចាញ់កូនអាមេរិកាំង ក្នុងសាលាដែល លំបាក លោកឯង ហ៊ានភ្នាល់ឈប់ធ្វើនយោបាយទេ? ប្រហែលជាអត់ទេ? គ្រាន់តែភ្នាល់ជាមួយខ្ញុំ សញ្ញាបត្រកម្រិតពីរមិនហ៊ានភ្នាល់ផង»៕