(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយមានតែការចរ ចាទេ ទើបអាចបញ្ចប់សង្គ្រាមបាន។
ការថ្លែងរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងឱកាសអញ្ជើញបើក សន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ពុំទាន់បានបិទបញ្ចប់ ទាំងស្រុងមានការលេចចេញនូវការប្រណាំងប្រជែងរបស់មហាអំណាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបាន ទទួលស្គាល់ជាសកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោរពគ្នា និងការជឿ ទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការ លើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព។
«ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិត «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ»។ ក្នុងន័យនេះមានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិ គ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
កាលពីដើមឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ថ្លែងសារថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម បាននោះទេ។ សារនេះត្រូវបានលើកឡើង ចំពេលមានជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន ឬត្រូវបានគេ ហៅជាសាកលថា សង្គ្រាមរុស្ស៉ីឈ្លានពានអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ ទុកមុនថា បើសង្គ្រាមនៅអ៊ុយក្រែន ឈានដល់ការផ្ទុះអាវុធនុយក្លេអ៊ែនោះ ប្រទេសភាគច្រើននៅ អឺរ៉ុប អាមេរិក និងរុស្ស៉ី ដែលជាភាគីតតាំងគ្នា នឹងខ្ទេចខ្ទាំដោយបំផ្លុះគ្រាប់បរមាណូ ហើយមិនអាច បញ្ចប់សង្គ្រាមបានទេ។
ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ សង្គម៕